មានសេចក្ដីរាយការណ៍បានឱ្យដឹងថា តារាម៉ូដែលប្រុសជនជាតិចិនដែលបានបាត់ខ្លួនក្នុងការជួញដូរមនុស្ស ពេលនេះត្រូវបានគេរកឃើញនៅប្រទេសមីយ៉ាន់ម៉ា និង បានបញ្ជូនត្រឡប់ទៅកាន់ប្រទេសចិនវិញហើយ។
ក្នុងនោះក្រសួងសន្តិសុខរដ្ឋរបស់ចិនបានឱ្យដឹងថា សេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថាលោក Yang Zeqi ដែលជាតារាម៉ូដែល និង ជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះជាច្រើននាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះពីព្រំដែនប្រទេសមីយ៉ាន់ម៉ាហើយ និង ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសចិនវិញដោយសុវត្ថិភាព។
ក្រសួងក៏បានឱ្យដឹងទៀតថា អាជ្ញាធរចិន និង ថៃបានរួមគ្នាចាប់ខ្លួនជនសង្ស័យចំនួន ១២ នាក់ ដែលជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការឆបោកជួញដូរមនុស្សនេះផងដែរ។ យ៉ាងណាមិញ ការជួញដូរមនុស្សនេះ ភាគច្រើនពួកឆបោកផ្តោតទៅលើតែតារាសម្តែង និង តារាម៉ូដែល ហើយតំបន់នៅភាគខាងកើតប្រទេសមីយ៉ាន់ម៉ាក្បែរព្រំដែនប្រទេសថៃ ក៏បានក្លាយទៅជាកន្លែងដ៏ល្បីក្នុងការលួចលាក់ជួញដូរមនុស្សនេះដែរ៕
ប្រភព៖ abc.net