ក្ដៅៗ! ឯកឧត្តម សៅ សុខា ប្រកាសលាលែងពីប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោយកម្ពុជាចាញ់ មីយ៉ាន់ម៉ា
កាលពីថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២៣ ឯកឧត្តម សៅ សុខា បានប្រកាសថានឹងចុះចេញពីតំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់ បើ U22 កម្ពុជាឆ្លងមិនផុតវគ្គចែកពូល។ ឯកឧត្តម បានបញ្ជាក់បែបនេះ ក្រោយពីក្រុមបាល់ទាត់បុរស U22 កម្ពុជាប្រកួត ជាមួយនឹង ក្រុមបាល់ទាត់បុរស U22 ហ្វីលីពីន ជាមួយនឹងលទ្ធផល ១-១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅនេះ។
យ៉ាងណាមិញ មកដល់ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២៣ ក្រោយបញ្ចប់ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា និង មីយ៉ាន់ម៉ា ដោយលទ្ធផលកម្ពុជាបានចាញ់ ឯកឧត្តម សៅ សុខា ក៏បានចេញសេចក្តីប្រកាសទាំងយប់ ចុះចេញពីតំណែងតាមការសន្យាកាលពីពេលកន្លងមក។
តាមរយៈគណនីឯកឧត្តម បានបញ្ជាក់បែបនេះថា ៖ «បន្ទាប់ពីបរាជ័យក្នុងការប្រកួតចម្រុះក្នុងពូល A ក្នុងព្រិត្តិការណ៍ Sea Games ខ្ញុំគោរពនូវការសន្យា ដើម្បីបង្ហាញនូវស្មារតីទទួលខុសត្រូវ។ ខ្ញុំសូមប្រកាសលាលែងពីតំណែងប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា
ចាប់ពីរាត្រីថ្ងៃ អាទិត្យ ទី ០៧ ខែ ឧសភា ឆ្នាំ ២០២៣ ខ្ញុំសូមប្រគល់ជូនលោកឧ.ខៀវ សាម៉េត អនុប្រធានស.ប.ក ជាប្រធានស្តីទីចាប់ពីពេលនេះតទៅ។ ខ្ញុំសូមអរគុណ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡា និង បងប្អូន ដែលបានបញ្ចេញមតិគាំទ្រខ្ញុំ ឱ្យបន្តដំណែងជាប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា ព្រមទាំងសូមអភ័យទោស ដែលរូបខ្ញុំបាទពុំអាចនាំកិត្តិយសជូនជាតិបានតាមរយៈការប្រកួតបាល់ទាត់ក្នុងព្រិត្តិការណ៍ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ខ្ញុំសូមអរគុណលោកអនុប្រធាន សមាជិកគណៈកម្មាធិការប្រតិបត្ តិស.ប.ក និង មន្ត្រីបុគ្គលិកទាំងអស់ ដែលបានរួមជាមួយខ្ញុំបាទធ្វើការងារលើវិស័យកីឡាបាល់ទាត់កន្លងមក។ ខ្ញុំសូមជូនពរ អ្នកទាំងអស់គ្នាមានសុខភាពល្អ ចម្រុងចម្រើន មានសុភមង្គល់គ្រប់ក្រុមគ្រួសារ និង ជួបប្រទះតែសំណាងល្អជានិច្ច។ ដោយក្តីគោរពពីខ្ញុំបាទ ឧ.សៅ. សុខា»៕