កូនចេះតែភ្ញាក់ស្រែកយំខ្លាំងៗកណ្តាលយប់ ធ្វើម៉េចក៏មិនបាត់ តាមពិតជាប់ពាក់ព័ន្ធរឿងព្រឺសម្បុរមួយនេះ
រឿងរ៉ាវអបិយជំនឿមួយ កំពុងតែធ្វើឱ្យមហាជននៅតាមបណ្តាញសង្គមក្នុងប្រទេសថៃព្រឺឆ្អឹងខ្នង ដោយមានគ្រួសារមួយមានកូនស្រីតូចក្រោកភ័យយំកណ្តាលយប់រាល់ថ្ងៃ មានអាការខ្លាចៗហាក់មានអ្វីនៅជិត ដល់តាមពិតទៅ គឺដោយសារតែឪពុកបានយកក្រណាត់រុំសពយាយទួតមកចូលក្នុងផ្ទះ។
រឿងរ៉ាវមួយនេះ បានកើតឡើងនាប្រទេសថៃ ដោយម្តាយបានរៀបរាប់ឱ្យដឹងថា កូនស្រីអាយុ ៤ ឆ្នាំរបស់ខ្លួន បានភ្ញាក់ឡើងយំខ្លាំងៗរាល់យប់ជានិច្ច គឺភ័យខ្លាចដូចជាមានឃើញអ្វីម្យ៉ាងមកនៅជិតដូច្នោះឯង ជាពិសេសធ្វើទុកខ្លាំងនៅថ្ងៃកោរ គឺមុនថ្ងៃសីលមួយថ្ងៃ។ ខ្លួនបានព្យាយាមសួរនាំកូនថាឃើញអ្វីខ្លះ តែកូនមិនព្រមប្រាប់ឡើយ សុខចិត្តនៅងើបយំយប់ជារឿយៗ ផ្អើលអស់គេឯងពេញផ្ទះ ធ្វើឱ្យខ្លួនទ្រាំមិនបានឡើយ ក៏ព្យាយាមតាមរកមូលហេតុ ដែលជឿថាប្រាកដជាទាក់ទងនឹងរឿងអរូបមិនខាន។
ចុងក្រោយ គឺមិនខុសពិតមែន ដោយរកឃើញថា ប្តីបានយកក្រណាត់រុំសពរបស់យាយទួត ដែលស្លាប់ទៅកាលពីឆ្នាំ ២០២០ ក្នុងបន្ទប់ព្រះ ជាប់បន្ទប់ដែលខ្លួនដេកនោះឯង។ មកដល់ត្រឹមនេះ ទើបសន្និដ្ឋានថា វិញ្ញាណរបស់យាយទួត ប្រាកដជាមកលេងជាមួយចៅទួតនៅពេលយប់ ទើបធ្វើឱ្យចៅខ្លាចដេកមិនបានបែបនេះ។ យ៉ាងណាមិញ ឪពុកក៏បានយកក្រណាត់រុំសពនេះ ទៅទុកកន្លែងផ្សេងនៅក្រៅផ្ទះវិញ ហើយចំណែកកូនស្រីក៏លេងមានអាការប្លែកៗទៀត ពោលគឺគេងបានស្រួលវិញដូចដើម ដែលពិតជាធ្វើឱ្យអ្នកផ្ទះធូរទ្រូងណាស់៕