មានដែលចម្ងល់អត់? ហេតុអីអ្នកខ្លះផោមមានសំឡេង អ្នកខ្លះទៀតខ្សឹប តាមពិតមកពីមូលហេតុនេះសោះ!
ការផោម គឺជារឿងធម្មតារបស់មនុស្ស និង សត្វ ហើយមនុស្សជាមធ្យមបានផោម ប្រមាណជា ១៤ ដងក្នុងមួយថ្ងៃ បើគិតជាឧស្ម័នវិញប្រហែលជាកន្លះលីត្រឧស្ម័នក្នុងមួយថ្ងៃ នេះបើយោងតាមវេជ្ជបណ្ឌិត Michael Rice, MD ដែលជាគ្រូពេទ្យឯកទេសខាងក្រពះ ពោះវៀននៃសាកលវិទ្យាល័យ Michigan Medicine Gastroenterology Clinic បានលើកឡើង។
ជាមួយគ្នានេះដែរ លោកបានឱ្យដឹងទៀតថា ការផោមរបស់មនុស្សម្នាក់មានភាពខុសគ្នា ខ្លះមានខ្យល់ច្រើន និង ខ្លះមានខ្យល់តិច ហើយខ្លះមានសំឡេងខ្សោយ ខ្លះសំឡេងខ្លាំង និង ខ្លះទៀតគ្មានសំឡេងតែម្ដង ហើយខាងក្រោមនេះគឺជាមូលហេតុមួយចំនួន ដែលនាំឱ្យផោមមានលក្ខណៈខុសគ្នា ត្រង់ថាផោមខ្លះមានសំឡេង និង ផោមខ្លះទៀតគ្មានសំឡេង។
យោងតាមវេជ្ជបណ្ឌិត Michael Rice, MD បានឱ្យដឹងថា កត្តាពាក់ព័ន្ធនឹងការបញ្ចេញឧស្ម័ន ឬផោមនេះគឺបណ្ដាលមកពីអ្វីដែលអ្នកញ៉ាំ ផឹក និង របៀបដែលរាងកាយរបស់អ្នកផ្លាស់ទី ហើយផោមកើតពីអាហារដែលត្រូវបានរំលាយ បង្កើតបានជាឧស្ម័ន រួមមានកាបូនឌីអុកស៊ីត មេតាន និង អ៊ីដ្រូសែន ដែលកកកុញនៅក្នុងពោះវៀន និង ត្រូវរកច្រកចេញ រហូតធ្វើឱ្យពោះវៀន កន្ត្រាក់ផ្លាស់ទីកាកសំណល់តាមប្រព័ន្ធរំលាយអាហារទៅកាន់រន្ធគូថ រួចក៏បញ្ចេញឧស្ម័នទាំងនោះចេញមកក្រៅ។
ជាក់ស្ដែង កត្តា ដែលនាំឱ្យផោមមានសំឡេងមានដូចជា ៖
• ទំហំនៃឧស្ម័នក្នុងពោះវៀន ៖ មានលក្ខណៈច្រើនប្រមូលផ្ដុំគ្នា
• ល្បឿន ដែលឧស្ម័នផ្លាស់ទី ៖ ឧស្ម័ន ដែលមានចលនាលឿនធ្វើឱ្យមានសំឡេងខ្លាំងជាងឧស្ម័នដែលផ្លាស់ទីយឺត
• សំណើមឧស្ម័ន៖ ឧស្ម័នសំណើមបង្កើតសំឡេងខ្លាំងជាងឧស្ម័នស្ងួត
ដោយឡែក ប្រសិនបើអ្នកចង់កាត់បន្ថយកុំឱ្យមានផោមមានសំឡេងខ្លាំង អ្នកត្រូវ ៖
• ជៀសវាងការទទួលទានអាហារ ឬភេសជ្ជៈ ដែលបង្កជាឧស្ម័ន ឬមានជាតិហ្គាស ដូចជា សណ្តែក ស្ពៃក្តោប និង ភេសជ្ជៈដែលមានជាតិកាបូន។
• ញ៉ាំអាហារយឺតៗ ហើយទំពារឱ្យបានហ្មត់ល្អ
• ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
• ផឹកទឹកឱ្យបានគ្រប់គ្រាន់
គួរឱ្យដឹងដែរថា ការកត់សម្គាល់ដំណើរការផោមគឺជារឿងសំខាន់មួយ ព្រោះវាអាចឱ្យយើងដឹងពីស្ថានភាពសុខភាពផ្នែកក្រពះពោះវៀត ដូចនេះមនុស្សគ្រប់រូបមិនគួរមានអារម្មណ៍ថា ខ្មាសអៀន ឬព្រួយបារម្ភពីសំឡេងនៃការផោមឡើយ ហើយក៏ពុំគួរព្យាយាមទប់វាដែរ៕