មោទកភាពណាស់! ចុងភៅខ្មែរពីររូបឈ្នះពានរង្វាន់កំពូលចុងភៅឆ្នើមបំផុតប្រចាំឆ្នាំ ២០២៤ ក្នុងកម្មវិធីលំដាប់អន្តរជាតិ
សមាគមសម្ព័ន្ធធុរកិច្ចអន្តរជាតិ International Business Alliances ឬហៅកាត់ថា IBA គឺជាវេទិកាលើកកម្ពស់សហគ្រិន និង ម្ចាស់អាជីវកម្ម ដោយភ្ជាប់ពួកគេទៅកាន់ទីផ្សារប្រទេសនៅទូទាំងអាស៊ី រួមមាន៖ សិង្ហបុរី ម៉ាឡេស៊ី វៀតណាម ចិន កម្ពុជា ថៃ និង ឥណ្ឌូនេស៊ី។ ក្នុងបេសកកម្មកសាងបណ្តាញដ៏រឹងមាំនៃភាពជាអ្នកដឹកនាំអាជីវកម្ម និង ផ្តល់វិធីសាស្ត្រដើម្បីជោគជ័យ សមាគមនេះបានបង្កើតព្រឹត្តិការណ៍ជាច្រើន ដើម្បីប្រមូលផ្តុំធនធានពាក់ព័ន្ធសំខាន់ៗមកពីជុំវិញពិភពលោក។
ជាក់ស្តែង មួយក្នុងចំណោមនោះ កម្មវិធី BEST Master Chef 2024 Awards គឺជាកម្មវិធីជ្រើសរើសកំពូលចុងភៅសម្រាប់ពានរង្វាន់ដ៏មានកិត្យានុភាពនៅក្នុងវិស័យម្ហូបអាហារ។ កម្មវិធីនេះជាការជ្រើសរើសចុងភៅមកពីជុំវិញពិភពលោក ដោយផ្តោតទៅលើការទទួលស្គាល់នូវភាពឥតខ្ចោះ និង រឿងរ៉ាវនៅពីក្រោយជីវិតរបស់ពួកគេ ទាំងការសម្រេចជោគជ័យ និង ជាផ្នែកមួយជំរុញចិត្តដល់អ្នកដទៃ។
ជាមោទកភាពមួយសម្រាប់កម្ពុជា ថ្មីៗនេះកម្មវិធី BEST Master Chef 2024 Awards បានប្រកាសអ្នកឈ្នះផ្លូវការទាំងនៅលើគេហទំព័រ និង ទំព័រហ្វេសប៊ុក របស់ International Business Alliances ដោយក្នុងចំណោមចុងភៅជាច្រើនមកពីជុំវិញពិភពលោក ក្នុងនោះមានចុងភៅកម្ពុជាយើងចំនួនពីររូបបានជាប់ជាអ្នកឈ្នះនៅក្នុងការជ្រើសរើសផងដែរ។ តួយ៉ាង មានចុងភៅណាក់ ឬ អ្នកនាង រស់ រតនៈ ដែលគេស្គាល់ថា ជាចុងភៅស្រីល្បីឈ្មោះដំបូងគេនៅកម្ពុជា។ អ្នកនាងឈ្នះពានរង្វាន់ BEST Master Chef 2024 Awards ក្នុងនាមជាកំពូលចុងភៅជំនាញទៅលើម្ហូបខ្មែរ។ រីឯចុងភៅខ្មែរម្នាក់ទៀត គឺ លោក សៅ សុភ័ក្រ ក្នុងនាមជាកំពូលចុងភៅជំនាញលើម្ហូបខ្មែរ និង អឺរ៉ុប។
ជាមួយការប្រកាសនេះដែរ កាលពីម្សិលមិញថ្ងៃទី ២៦ ខែ កញ្ញា លោក សៅ សុភ័ក្រ បានបង្ហោះវីដេអូនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយខណៈកំពុងស្ថិតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោកបានរៀបរាប់ថា លោក និង ចុងភៅណាក់ នឹងធ្វើការហោះហើរទៅទទួលពានរង្វាន់ផ្ទាល់ដល់កន្លែងកម្មវិធី ដែលធ្វើឡើងនៅប្រទេសសិង្ហបុរី។ លោក និង ចុងភៅណាក់ ក៏ផ្តាំផ្ញើដែរថា អ្វីដែលអ្នកទាំងពីរខិតខំប្រឹងប្រែងបណ្តាក់ទុននេះ នឹងក្លាយជាផ្នែកមួយ ដែលតំណាងឱ្យកម្ពុជា និង ជួយផ្សព្វផ្សាយវិស័យម្ហូបអាហារខ្មែរទៅកាន់អន្តរជាតិ៕