អ្នកគាំទ្ររំជួលចិត្តខ្លាំង ក្រោយឃើញរូបរាងរបស់ឈិនឡុង តារាសំណព្វចិត្ត កាន់តែឈានចូលដល់វ័យជរា
លោក Jakie Chan ឬដែលគេស្គាល់ថា ឈិនឡុង បានប្រើអាជីពជាអ្នកសម្តែងនៅក្នុងវិស័យភាពយន្តរាប់សិបឆ្នាំមកហើយ ក្នុងនោះមានមហាជនអ្នកគាំទ្រខ្លះ ក៏ស្រឡាញ់ចូលចិត្តលោកតាំងពីនៅតូចៗមកម្ល៉េះ ដោយទុកលោកជាតារាសំណព្វចិត្តម្នាក់ផងដែរ។
យ៉ាងណាមិញ ថ្មីៗនេះ លោក Jakie Chan បានធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនជាច្រើននាំគ្នារំជួលចិត្តខ្លាំង ព្រោះតែការឃើញរាងកាយរបស់លោក ដែលកាន់តែវិវត្តទៅរកភាពជរា។ ក្នុងនោះ តាមព័ត៌មានបានឱ្យដឹងថា នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៤ ខាងមុខនេះ នឹងឈានចូលដល់វ័យ ៧០ ឆ្នាំទៅហើយ ចំណែកឯរាងកាយមុខមាត់របស់លោកក៏កាន់តែដើរទៅជាមួយនឹងអាយុដូចគ្នា។ តាមរយៈរូបភាពប៉ុន្មានសន្លឹក ដែលលោកបានចូលរួកកម្មវិធីមួយថ្មីៗនេះ បានបង្ហាញឱ្យឃើញថា សក់របស់លោកកាន់តែស្កូវ ចំណែកស្បែកមុខក៏កាន់តែជ្រីវជ្រួញអស់ទៅហើយ ពោលគឺខុសឆ្ងាយស្រឡះពីមុខមាត់ដែលយើងធ្លាប់តែឃើញលោកនៅក្នុងភាពយន្តកន្លងមក។
ដោយឡែក ឃើញបែបនេះហើយ មហាជនអ្នកគាំទ្រក៏រំជួលចិត្តមិនស្ទើរនោះទេ ព្រោះមិននឹកស្មានថាពេលវេលាដើរលឿនដល់ម្ល៉ឹង ភ្លេចៗខ្លួនតារាសំណព្វក៏សក់ស្កូវអស់ទៅហើយ តែបើទោះជាយ៉ាងណាក្តីក៏ម្នាក់ៗបានជូនពរលោកឱ្យមានសុខភាពល្អផងដែរ៕