ទំនាយឆ្នាំថ្មី! អ្នកកើតឆ្នាំខាល ក្នុងអាយុទាំងនេះ នឹងជួបគ្រោះកាច តាមហេតុភេទ ៨ យ៉ាងនេះ
តាមសៀវភៅតម្រាមហាសង្ក្រាន្តឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២២ របស់ឯកឧត្តម អ៊ឹម បុរិន្ទ គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្រ្ត និង ប្រពៃណីទំនៀមទម្លាប់ខ្មែរ បានបង្ហាញពីការព្យាករណ៍លោកអ្នកដែលកើតឆ្នាំខាល មានអាយុចាប់ពី ០៦ ឆ្នាំ ដល់ ៨០ ឆ្នាំ ដែលមានទំនាយខុសៗគ្នា។
ក្នុងនោះ សម្រាប់លោកអ្នកជាបុរសដែលកើតឆ្នាំខាល មានអាយុ ០៨, ១៧, ២០, ២៩, ៣២, ៤១, ៤៤, ៥៣, ៥៦, ៦៥, ៦៨, ៧៧, ៨០ ឆ្នាំ។ រីឯលោកអ្នកជាស្រ្តី ដែលមានអាយុ ០៧, ១៦, ១៩, ២៨, ៣១, ៤០, ៤៣,៥២, ៥៥, ៦៤, ៦៧, ៧៦ និង ៧៩ ឆ្នាំ បើតាមទំនាយថា ឆ្នាំនេះ ជាឆ្នាំនាំមកនូវគ្រោះកាច ឱ្យប្រញាប់ប្រុងប្រយ័ត្នខ្លួន ដែលអាចចែកចេញជា ៨ ប្រការ ដូចតទៅនេះ ៖
១. នឹងជួបប្រទះរឿងទុក្ខសោក ខូចចិត្តដោយពពួកសត្រូវក្រុមពាលទាំងឡាយប៉ុន្មាន ប៉ងព្យាបាទ កុំធ្វើដំណើរទៅទីស្ងាត់ និង ពេលរាត្រី ព្រោះនឹងត្រូវចោរខ្មួញគំរាមកំហែង។
២. រោគាព្យាធិ៍បៀតបៀនកាយ សត្វអាសិរ្ពឹសទិច ឬ ខាំធ្វើឱ្យអស់សេចក្ដីសុខ។
៣. លុយកាក់ត្រូវ ចំណាយច្រើន ទាំងក្នុងផ្លូវដែលចាំបាច់ និង មិនចាំបាច់ ដែលអាចហៅបានថាជាឆ្នាំ ដែលចុហដើមទុនក្នុងផ្លូវដែលចាំបាច់ និង ជាឆ្នាំនៃការចំណាយ ទៅក្នុងផ្លូវដែលមិនចាំបាច់បើធ្វើជំនួញជួញប្រែ នឹងត្រូវខាតដើមទុន។
៤. សង្ឃឹមផលប្រយោជន៍ ទៅលើផ្លូវអ្វីច្រើនតែខុសភ្លាំងភ្លាត់ប្រាក់ចំណូលតិចជាងប្រាក់ចំណាយ ឬ បានមកហើយចាយអស់ទៅវិញ។
៥. បងប្អូនញាតិមិត្តដែលធ្លាប់ស្រឡាញ់រាប់អានគ្នា នឹងប្រែក្លាយជាសត្រូវ។
៦. ទីលំនៅ ឬ កន្លែងធ្វើការ ត្រូវផ្លាស់ប្ដូរ ឬ ធ្វើដំណើរទៅស្រុកឆ្ងាយ ឬ បើលោកអ្នកមិនចាកចេញទៅទេ ក៏គង់មានមនុស្សនៅក្នុងផ្ទះចាកចេញទៅដែរ។
៧. រងទទួលសេចក្ដីយ៉ាប់យ៉ឺនលំបាកលំបិន ឬ នឿយហត់ជាខ្លាំងទាល់តែមានមានៈអត់ធន។
៨. ធ្វើការងារជាមួយអ្នកដទៃ នឹងត្រូវគេឆបោក បងប្អូនញាតិមិត្តស្និទ្ធស្នាល ប្រែក្លាយទៅជាសត្រូវ កន្លែងធ្លាប់នៅ នឹងត្រូវក្ដៅក្រហាយ ឬត្រូវគេបណ្ដេញចេញចិត្តថ្លើមអន្ទះអន្ទែង៕