បែកស្នេហ៍ជាង ២ ឆ្នាំ នាយ ចឺម លែងល្បីរឿងស្នេហាថ្មី សំងំផ្ដោតតែលើការងាររកចំណូលផ្គត់ផ្គង់គ្រួសារ
ចំពោះតារាចម្រៀងប្រុសវ័យក្មេង នាយ ចឺម មហាជនអ្នកតាមដានជីវិតឯកជនរបស់លោកសុទ្ធសឹងតែបានជ្រាបហើយ ដោយលោកអាចចាត់ទុកជាតារាប្រុសសម្បូរស្នេហ៍មួយរូប កន្លងមកក្រៅពីជីវិតសិល្បៈ តារាប្រុសរូបនេះតែងត្រូវបានមហាជនចាប់អារម្មណ៍តាមដានខ្លាំងពីជីវិតស្នេហា ដែលធ្លាប់មានរឿងអាស្រូវស្នេហានឹងតារាស្រីរូបស្រស់ប៉ុន្មានរូបសាងស្នេហ៍យ៉ាងផ្អែមស្អិតល្មួតនឹងគ្នាមួយឆាវ ហើយក៏បានប្រេះឆាវិញបន្តបន្ទាប់។
បើក្រឡេកទៅចាប់អារម្មណ៍ជីវិតឯកជនរបស់ នាយ ចឺម វិញ ក៏ត្រូវបានចាត់ទុកជាតារាប្រុសដែលមានទាំងកេរ្តិ៍ឈ្មោះ និង ជោគជ័យមិនធម្មតាដែរ ដោយកំពុងរស់នៅជីវិតមួយយ៉ាងធូរធារហាយសូរ មានផ្ទះធំទ្រនំខ្ពស់ ជិះរថយន្តទំនើបៗទៀតផង។
យ៉ាងណាមិញ មួយរយៈធំចុងក្រោយនេះ អ្វីដែលគួរឱ្យកត់សម្គាល់ចំពោះ នាយ ចឺម ដោយធ្លាប់តែល្បីព័ត៌មានរឿងអាស្រូវទាក់ទងនឹងរឿងស្នេហាច្រើនផុតមួយចូលមួយ ប៉ុន្តែចាប់តាំងពីបែកស្នេហាជាមួយនឹងអ្នកមេម៉ាយរូបស្រស់ជាង ២ ឆ្នាំកន្លងមក គេសង្កេតឃើញថាលោកហាក់លែងសូវខ្វាយខ្វល់រកស្នេហាថ្មី និង មិនឃើញល្បីរឿងអាស្រូវស្នេហាជាមួយនារីរូបណាទៀតឡើយ។
ស្របពេលស្ងប់ស្ងាត់រឿងស្នេហានេះដែរ គេចាប់អារម្មណ៍ឃើញថា នាយ ចឺម កំពុងតែសំងំផ្ដោតលើការងារខ្លាំង ទាំងវិស័យសិល្បៈ និង ការងាររកស៊ីផ្សេងៗ ដែលកាន់តែមានភាពកាក់កបរស់នៅជីវិតមួយរីករាយយ៉ាងហាយសូរ និង បានចំណាយពេលវេលាមើលថែក្រុមគ្រួសារ ក្លាយជាកូនប្រុសដ៏កត្តញូ ជួយមើលថែផ្គត់ផ្គង់ក្រុមគ្រួសារសប់គ្រប់ទៀតផង៕