ក្រោយអ្នកស្រី អ៊ឹម សុគន្ធា បង្ហោះថាមានអ្នកទិញសិទ្ធិ Miss Grand Cambodia 2025 អ្នកគាំទ្រខ្មែរកំពុងសំលៀងមាត់ចាំពន្លះមួយរយៗ
ពិតណាស់ ថ្មីៗនេះ ក្រោយពីរឿងរ៉ាវកម្មវិធីអន្តរជាតិ MGI បានស្ងប់ស្ងាត់មួយរយៈទៅហើយ ស្រាប់តែនៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ លើបណ្ដាញសង្គមមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាកំពុងផ្ទុះការភ្ញាក់ផ្អើលជាថ្មី និង វែកញែកពេញបណ្ដាញសង្គម ក្រោយលេចឮដំណឹងថាមានអ្នកទិញសិទ្ធិកម្មវិធីអន្តរជាតិ Miss Grand Cambodia 2025 មកធ្វើនៅខ្មែរបន្តទៀត។
ជុំវិញរឿងនេះដែរ ក្រឡេកទៅមើលហ្វេសប៊ុកផេករបស់អ្នកស្រី អ៊ឹម សុគន្ធា អតីតអ្នកគ្រប់គ្រងកម្មវិធី MGC នេះ ក៏បានបង្ហោះសារបង្ហាញការហួសចិត្តនិយាយទាក់ទងនឹងរឿងអ្នកទិញសិទ្ធិកម្មវិធី Miss Grand Cambodia 2025 មកធ្វើនៅខ្មែរវិញទៀតនេះដែរ។
ក្នុងនោះ អ្នកស្រី អ៊ឹម សុគន្ធា ក៏ពុំទាន់បានបង្ហើបច្បាស់ថាអ្នកទិញសិទ្ធកម្មវិធីនោះជានរណានៅឡើយទេ ដោយគ្រាន់តែអ្នកស្រីបានរៀបរាប់លើហ្វេសប៊ុកថា ៖ «គិតទៅមិនដឹងបេះដូងសាងពីអីទេ ចង់ឈ្នះខ្ញុំ ហើយចង់បានម្ល៉េះអាកម្មវិធីមួយនឹង? តើហេតុអីអ្នកមិនស្រឡាញ់មុខមាត់ប្រទេស និង បងប្អូនខ្មែរចឹង? កម្មវិធីបរវកញ្ញាច្រើនណាស់មិនទៅទិញអ្នកអើយ… ឥលូវមកឱ្យខ្ញុំរវល់ជាមួយមេធាវីទៀតហើយ»។
ក្រោយពីបានឃើញហ្វេសប៊ុករបស់អ្នកស្រី អ៊ឹម សុគន្ធា បានបង្ហោះទាក់ទងនឹងរឿងនេះភ្លាម មហាជនអ្នកលេងហ្វេសប៊ុក ជាពិសេសអ្នកគាំទ្រវិស័យបវរកញ្ញាខ្មែរជាច្រើនបានចែករំលែក និង ចូលបញ្ចេញមតិវែកញែកបន្តបន្ទាប់ ដែលមតិមហាជនភាគច្រើនបានបង្ហាញការហួសចិត្ត និង មិនពេញចិត្តខ្លាំងចំពោះដំណឹងនេះ ថែមទាំងកំពុងត្រៀមពាក្យរិះគន់ចំពោះអ្នកដែលបានទិញសិទ្ធិកម្មវិធីនេះមកធ្វើនៅខ្មែរបន្តទៀតផង៕