ទាន់ហេតុការណ៍! Microsoft គាំង System បង្កការរអាក់រអួលជើងហោះហើរ ស្ថាប័នព័ត៌មាន និង ធនាគារ សឹងមួយពិភពលោក
ធនាគារធំៗ បណ្ដាសារព័ត៌មាន និង ក្រុមហ៊ុនជើងហោះហើរជាច្រើនសឹងពាសពេញពិភពលោក ត្រូវបានឱ្យដឹងថា កំពុងជួបភាពរអាក់រអួល ដោយសារតែការគាំងប្រព័ន្ធ IT ទ្រង់ទ្រាយធំ។
ជាក់ស្ដែងនៅអូស្ត្រាលី ខាងក្រុមហ៊ុនជើងហោះហើរកំពុងរងការប៉ះពាល់ខ្លាំង ខាងបណ្ដាផ្សារទំនើបកំពុងចលាចលរឿងគិតលុយ ខណៈបណ្ដាញព័ត៌មានផ្សាយផ្ទាល់ជាច្រើន ជួបបញ្ហា error ដូចគ្នា ដោយសារតែរូបភាពរអាក់រអួល ប្រព័ន្ធកុំព្យូទ័រមិនដំណើរការ។ ដោយឡែកខាងរដ្ឋ Alaska សហរដ្ឋអាមេរិក ក៏បានចេញការព្រមាណពីសេវាសង្គ្រោះបន្ទាន់របស់ពួកគេជួបប្រទះបញ្ហាផងដែរ។
តាមសារព័ត៌មាន BBC បានបញ្ជាក់ថា ចំពោះមូលហេតុបណ្ដាលឱ្យមានការគាំងទ្រង់ទ្រាយធំនេះ គឺមិនទាន់ដឹងច្បាស់នៅឡើយទេ គ្រាន់តែអ្នកដែលរងការប៉ះពាល់ភាគច្រើនគឺពាក់ព័ន្ធទៅនឹងប្រព័ន្ធដំណើរការកុំព្យូទ័ររបស់ Microsoft។ ជាមួយគ្នានោះដែរ ខាងភ្នាក់ងារ Microsoft 365 បានធ្វើការ update លើបណ្ដាញសង្គម X ផ្លូវការរបស់ខ្លួនដែរថា៖ «ពួកយើងកំពុងតែស៊ើបអង្កេតលើបញ្ហាដែលប៉ះពាល់ដល់អ្នកប្រើប្រាស់ដែលចូលប្រើកម្មវិធី និងសេវាកម្មផ្សេងៗរបស់ Microsoft 365»។
ដោយឡែក អ្នកនាំពាក្យពីខាង Microsoft បានថ្លែងប្រាប់សារព័ត៌មាន BBC នៅថ្ងៃទី ១៩ ខែកក្កដា នេះដែរថា សេវាកម្មភាគច្រើន គឺបានជួសជុល និងដំណើរការឡើងវិញហើយនៅប៉ុន្មានម៉ោងមុននេះ។
ជាមួយគ្នានោះដែរ បើតាមអ្នកនាំពាក្យម្នាក់របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសអូស្ត្រាលី បានលើកឡើងថា ការគាំងបណ្ដាញនេះ អាចទាក់ទងនឹងក្រុមហ៊ុនសន្ដិសុខសាយប័រ (cybersecurity) «Crowdstrike» ប៉ុន្តែខាងអ្នកឃ្លាំមើលប្រព័ន្ធសន្តិសុខសាយប័រប្រចាំប្រទេស បានបញ្ជាក់ថា មិនមានព័ត៌មានណាលើកឡើងថា ប្រព័ន្ធនេះទទួលរងការវាយប្រហារនោះឡើយ៕
ប្រភព៖ BBC