ជាប្រុសស្អាតទាំងមូល Kim Jae Joong ទម្លាយមូលហេតុពិបាកគិតដល់រឿងរៀបការទៅវិញ
អាចថានេះជាហេតុផលដ៏គួរឱ្យអស់សំណើច ប៉ុន្តែតារាចម្រៀងប្រុស Kim Jae Joong បែរជាធ្វើឱ្យអ្នកគាំទ្រអាណិតទៅវិញ ក្រោយលោកនិយាយដល់រឿងមិនអាចរៀបការបាន។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ តារាប្រុសសង្ហារូបនេះ បានបង្ហាញខ្លួនចូលរួមក្នុងកម្មវិធី «Men’s Life These Days: Groom’s Class» របស់ Channel A ដែលបានចាក់ផ្សាយកាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅ។ ថ្ងៃនោះដែរ Kim Jae Joong បានទៅលេងមិត្តសម្លាញ់របស់លោកដែលបានបើកភោជនីយដ្ឋានមួយ ហើយអ្នកទាំងពីរក៏បានចែករំលែកអំពីទុក្ខព្រួយអំពីការរៀបចំពិធីអាពាហ៍ពិពាហ៍។
នៅពេលនោះ មិត្តរបស់ Kim Jae Joong បានសួរទៅកាន់លោកថា៖ «តើមានបំណងចង់រៀបការមែនទេ?» ភ្លាមនោះ តារាប្រុសរូបនេះ បានលើកហេតុផលដើម្បីដករឿងស្នេហានេះចេញថា៖ «បញ្ហារបស់ខ្ញុំធំបំផុតគឺមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីណាត់ជួបគ្នា សូម្បីតែពេលជួបមិត្តភក្តិក៏ខ្ញុំគ្មានផង»។
គ្រាន់តែឮពាក្យសម្តីទាំងនេះ មិត្តរបស់ Kim Jae Joong ក៏បាននិយាយពីហេតុផលដែលលោកពិបាកនឹងគិតដល់រឿងរៀបការថា៖ «បើសិនជាថ្ងៃណាមួយឯងទៅក្រុមហ៊ុនចាប់គូរៀបការ ឯងគឺជាមនុស្សទីមួយដែលគេដកឈ្មោះចេញពីបញ្ជី»។ ស្តាប់ហើយធ្វើឱ្យទស្សនិកជនកាន់តែអាណិតដល់ Kim Jae Joong ដែលត្រូវមិត្តសម្លាញ់របស់ខ្លួន យកការពិតមកទម្លាយខ្ទេចខ្ទី៕