Mint Chalida ក្តៅចិត្តដាក់ពាក្យប្ដឹងជនបរទេសម្នាក់ ក្រោយបង្កហិង្សាលើប្អូនប្រុសបង្កើត
កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅនេះ តារាស្រីថៃ Mint Chalida បានទម្លាយរឿងមួយឱ្យដឹងថា ប្អូនប្រុសបង្កើតរបស់នាងត្រូវបានជនបរទេសម្នាក់ធ្វើបាបរាងកាយ ហើយនាងកំពុងតែដុតដៃដុតជើងដំណើរការក្តីទៅតាមផ្លូវច្បាប់ មុននឹងជនដៃដល់ត្រឡប់ទៅស្រុកកំណើតវិញ។
Mint បានទម្លាយនៅក្នុង IG របស់នាងថា កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅនេះ ម៉ោងប្រមាណ ២ យប់ ប្អូនប្រុសរបស់នាងបានទទួលទូរស័ព្ទពីហាងថាមានជនបរទេសព្យាយាមបង្កបញ្ហានៅក្នុងហាង ទើបប្អូនប្រុសនាងក៏បានប្រញាប់ទៅហាងដើម្បីជួយដោះស្រាយ។
ខណៈទៅដល់ ជនបរទេសដែលជាជនដៃដល់នោះ មិនព្រមទទួលការសម្របសម្រួលឡើយ ហើយថែមទាំងធ្វើបាបរាងកាយរបស់ប្អូនប្រុសនាង ដោយបានទាត់មួយជើងចំកណ្តាលមុខថែមទៀត ធ្វើឱ្យនាង និង ក្រុមគ្រួសារទទួលយកមិនបានឡើយចំពោះទង្វើនេះ។
យ៉ាងណាមិញ Mint និង ក្រុមគ្រួសារកំពុងតែដាក់ពាក្យបណ្តឹងទៅកាន់ប៉ូលិស និង ទាក់ទងទៅខាងអាជ្ញាធរពាក់ព័ន្ធផ្សេងៗ ដើម្បីឱ្យជនដៃដល់មកទទួលខុសត្រូវលើករណីនេះផងដែរ មុននឹងគេត្រូវត្រឡប់នៅវិញនៅថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៤ ខាងមុខនេះ៕