ព្យុះរិះគន់នៅតែពុះគគ្រុក! កីឡាករ Jonathan ត្រូវមហាជនថៃព្រួតដៀលត្មះថាធ្វើឱ្យបាក់មុខប្រទេសជាតិ
កាលពីរាត្រីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅនេះ ការប្រកួតកីឡាបាល់ទាត់ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ ដែលឥណ្ឌូនេស៊ីប៉ះថៃ នៅកម្ពុជាបានបញ្ចប់ហើយ ដោយក្រុមកីឡាករបាល់ទាត់ជម្រើសជាតិប្រទេសឥណ្ឌូនេស៊ី បានឈ្នះក្រុមជម្រើសជាតិថៃ ៥ ទល់នឹង ២។
យ៉ាងណាមិញ ដ្បិតថាការប្រកួតបានបញ្ចប់ទៅហើយក្តី តែនៅលើបណ្ដាញសង្គមហ្វេសប៊ុកហាក់ក្តៅគគុកនៅឡើយ ជាពិសេសរឿងរ៉ាវកីឡាករបាល់ទាត់ថៃ Jonathan Khemdee ដែលបានទាញយកតុក្កតាពីអ្នកចាំចែកវត្ថុអនុស្សាវរីយ៍កម្ពុជា ហើយយកទៅគប់ចេញពីទីលានប្រកួតរួមនឹងមេដាយប្រាក់របស់ខ្លួនផងនោះ បាននាំឱ្យមានការជជែកវែកញែកលើបណ្ដាញសង្គមហ្វេសប៊ុក និង សារព័ត៌មានច្រើនព្រោងព្រាត។
ក្រោយពីធ្វើទង្វើអសីលធម៌នោះឡើង គេឃើញថាមានមហាជនជាច្រើនជុំវិញប្រទេសតំបន់អាស៊ាន បាននាំគ្នាសម្ដែងការខកចិត្តជាខ្លាំងចំពោះកីឡាករ Jonathan Khemdee ព្រោះទង្វើនោះហាក់បង្ហាញនូវការមិនឱ្យតម្លៃ និង ការគោរពក្នុងស្មារតីជាអ្នកកីឡា។
ដោយឡែក ងាកទៅមើលអ្នកគាំទ្រថៃវិញ ក៏មិនអស់ចិត្តនូវទង្វើរបស់កីឡាកររបស់ដែរ ដោយម្នាក់ៗបានបន្តការរិះគន់ទៅ Jonathan ឥតសំចៃមាត់ ព្រោះទង្វើបែបនេះបានធ្វើឱ្យប្រទេសថៃបាត់បង់នូវកិត្តិយស ប៉ះពាល់ដល់កីឡាករល្អៗដទៃទៀតដែលខិតខំស្វែងរកមេដាយជូនជាតិ។
មិតិមហាជនថៃជាច្រើនបានលើកឡើងថា ៖ «ទង្វើដែលអ្នកធ្វើគឺមិនស័ក្តិសមទាល់តែសោះ បើសិនអ្នកចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង និង មានសតិជាងនេះ នោះអ្នកនឹងមិនបញ្ចេញឥរិយាបទបែបនេះឡើយ, Jonathan ជាក្មេងមិនស្គាល់ពាក្យថាចាញ់ អត់ចរិត គួរទៅវាយប្រដាល់ថៃមិនសមជាអ្នកលេងបាល់ទាត់ឡើយ, ការគិតរបស់អ្នកឱ្យសូន្យ រួមនឹងមតិជារិះគន់ជាច្រើនទៀត»៕