សម្ដេច ហ៊ុន សែន អំពាវនាវឱ្យមានវិធានការបន្ថែម សម្រាប់ការអភិរក្សសត្វផ្សោតទន្លេមេគង្គ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសគឺ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ជាមួយនឹងអាជ្ញាធរមូលដ្ឋានឱ្យចាត់វិធានការបន្ថែមទៀត ដើម្បីអភិរក្សសត្វផ្សោតនៅតំបន់ទន្លេមេគង្គ។
លើសពីនេះទៅទៀតសម្ដេចបានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានប្រវែង ១.៧៦១ ម៉ែត្រក្នុងខេត្ត ក្រចេះថា៖ «ត្រូវតែយកចិត្តទុកដាក់បន្ថែមទៀត សម្រាប់ការអភិរក្សសត្វផ្សោតទន្លេមេគង្គ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ជាមួយនឹងអាជ្ញាធរមូលដ្ឋានត្រូវធានាថា សត្វផ្សោតទន្លេមេគង្គនឹងមិនមានការរំខានអ្វីឡើយ»។ បន្ថែមពីនោះ សម្ដេចក៏បានធ្វើការអំពាវនាវបន្ថែម ក្រោយពីសត្វផ្សោតចំនួន ៣ ក្បាលត្រូវបានគេរកឃើញថាបានងាប់ជាបន្តបន្ទាប់ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ដោយឡែក សម្តេច ហ៊ុន សែន ក៏បានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់បង្កើតតំបន់អភិរក្សស្នូលសម្រាប់សត្វផ្សោតទន្លេមេគង្គ និង បានស្នើឱ្យប្រជានេសាទបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទហាមឃាត់ និង ការនេសាទនៅតំបន់ហាមឃាត់។
គួរបញ្ជាក់ដែរថា យោងតាមរបាយការណ៍របស់ WWF សត្វផ្សោតចំនួន ១១ ក្បាលបានងាប់ក្នុងឆ្នាំ 2022 (ដោយគិតត្រឹមថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២២) ដែលនាំឱ្យចំនួនផ្សោតងាប់សរុបកើនដល់ ២៩ ក្បាលក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ៕
ប្រភព៖ ក្រសួងព័ត៌មាន