សំងំមិនសូវអួតបង្ហាញ តែស្ងាត់ៗ ខាត់ សុឃីម សូត្រមន្តសម្ពោធក្រុមហ៊ុនដ៏ធំមួយជាផ្លូវការ
កន្លងមកមហាជនអ្នកគាំទ្រតារាស្រីពហុជំនាញ ខាត់ សុឃីម ច្បាស់ជាបានជ្រាបមកហើយថា ក្រៅពីអាជីពជាតារាចម្រៀងពហុជំនាញហើយនោះ អ្នកនាងក៏មានមុខជំនួញផ្ទាល់ខ្លួនជាច្រើនរួចហើយដែរ រួមមាន «តន្ត្រីបុរាណសម័យ ខាត់សុឃីម» ហាងផលិតផលថែសម្រស់ «Mochy Cosmetics» «ដីឡូត៍ ខាត់សុឃីម» និង ហាងលក់គ្រឿងសង្ហារិមយីហោ «JaJa Furniture» ជាដើម។
ក្នុងនោះ ក្រោយពីឃើញភាពជោគជ័យ ទាំងសិល្បៈ និង ជំនួញរួចមក មហាជន និង មិត្តទាំងក្នុងក្រៅសិល្បៈជាច្រើនក៏បានសរសើរថា អ្នកនាង ខាត់ សុឃីម និង ស្វាមី គឺជាអ្នកសិល្បៈមួយរូប ដែលមិនសូវបង្ហាញពីភាពហ៊ឺហារនោះទេ ពោលគឺមិនសូវអួតអាងទ្រព្យសម្បត្តិលើបណ្ដាញសង្គមឡើយ។
ជាការពិតណាស់ កន្លងមកអ្នកនាង ខាត់ សុឃីម ធ្លាប់បានជួបព្យុះភ្លៀងទម្លាយថាខ្លួនជំពាក់លុយគេខ្ទង់ជិតលានដុល្លារក្តី ប៉ុន្តែ អ្នកនាង និង ស្វាមី នៅតែបន្តដឹកដៃគ្នាជម្នះភាពលំបាក រហូតស្រោចស្រង់មុខជំនួញឡើងវិញដោយខ្លួនឯង មិនដែលលេចឮសុំជំនួញពីនរណានោះឡើយ។
យ៉ាងណាមិញ នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៤ នេះ អ្នកនាង ខាត់ សុឃីម បានរៀបចំកម្មវិធីសម្ពោធ នូវក្រុមហ៊ុនផលិតផលថែសម្រស់ «Mochy Cosmetics» ជាផ្លូវការ មានអគារយ៉ាងធំខ្ពស់ ក្រោយពីបើកដំណើរការរកស៊ីអស់រយៈពេលជាច្រើនឆ្នាំមក។ ក្នុងនោះ ការបើកសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុនអ្នកនាង ខាត់ សុឃីម ក៏មានមហាជនបានចូលរួមអបអរសាទរដល់អ្នកនាង និង គ្រួសារជាច្រើនផងដែរ៕