រៀបការមានកូនមួយ វីរៈនិច្ច ទុកសិល្បៈចោលមួយឡែក ងាកមកធ្វើជាថៅកែស្រីក្ដាប់មុខជំនួញពេញដៃ
ចាប់តាំងពីរៀបការសាងគ្រួសារជាមួយស្វាមីរូបសង្ហាមក តារាចម្រៀងស្រីវ័យក្មេង វីរៈ និច្ច បានបង្ហាញក្ដីសុខ និង ភាពផ្អែមល្ហែមជាមួយស្វាមីមិនសូវលស់ថ្ងៃឡើយ ព្រមទាំងនាងហាក់កាន់តែរស់នៅក្នុងជីវភាពសប្បាយហ៊ឺហា ជិះសុទ្ធរថយន្តទំនើប ប្រើប្រាស់របស់របរម៉ាកល្បីៗ ទៅកន្លែងប្រណីតថ្លៃៗ ចាយជីវិតបែបអភិជនគួរឱ្យច្រណែន។
លើសពីនេះ ក្នុងឆ្នាំ ២០២៣ កន្លងទៅ ជីវិតគ្រួសាររបស់តារាចម្រៀង វីរៈ និច្ច កាន់តែទទួលបានក្ដីសុខសុភមង្គលយ៉ាងពេញលេញ ដែលទទួលបានកូនប្រុសជាទីស្រឡាញ់ម្នាក់ មកដល់ពេលនេះមានអាយុជាង ១ ឆ្នាំហើយ។
ស្របពេលទទួលបានជីវិតគ្រួសារតូចមួយយ៉ាងកក់ក្ដៅនេះដែរ ក្រឡេកមើ់លជីវិតសិល្បៈរបស់តារាស្រីរូបនេះ វិញ នាងហាក់កាន់តែព្រលែងចោលមួយឡែកសិន ដែលកំពុងតែចំណាយពេលវេលាមើលថែស្វាមី និង កូនប្រុស ព្រមទាំងពេលនេះ វីរៈ និច្ច បានងាកទៅបង្កើតមុខជំនួញថ្មីៗបន្តបន្ទាប់ ក្លាយជាថៅកែស្រីក្ដាប់ជំនួញធំៗមិនតិចដែរ។
ពិតណាស់ ចាប់តាំងពីចុងឆ្នាំ ២០២៣ កន្លងទៅ វីរៈ និច្ច ត្រូវបានគេដឹងថាអ្នកនាងចាប់ផ្ដើមបង្កើតមុខផ្ទាល់ខ្លួន ដែលមានការជ្រោមជ្រែងពីស្វាមីសំណព្វចិត្តឈរនៅពីក្រោយនាងជានិច្ច ដែលកាលនោះនាងបានបើកជំនួញថ្មីមួយ គឺជាភោជនីយដ្ឋានបែបរាត្រីមួយកន្លែង នៅខេត្តព្រះសីហនុ ដែលមានឈ្មោះថា N1 Taxi lounge។
លើសពីនេះ ចូលដល់ដើមឆ្នាំ ២០២៤ វីរៈ និច្ច ក៏បានបើកហាងអាហារលើអនឡាញមួយ គឺជាហាងអាហារសមុទ្រ Ta Ka Salmon & Sushi ដែលនាំយកពីប្រទេសជប៉ុន ព្រមទាំងមួយរយៈថ្មីនេះ នាងក៏បានចាប់ផ្ដើមជំនួញថ្មីមួយទៀត ជាការបង្កើតផលិតផលសម្រស់ផ្ទាល់ខ្លួនឈ្មោះថា N8 Cosmetic កំពុងវាយលុកលើទីផ្សារអនឡាញក្នុងស្រុកផងដែរ៕