ត្រឹមតែរយៈពេល ២ ថ្ងៃពិធីបុណ្យអុំទូកខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជិត ២០ ម៉ឺននាក់
ខេត្តបាត់ដំបងបានប្រារព្ធធ្វើពិធីបុណ្យអុំទូក និង បណ្ដែតប្រទីប អស់រយៈពេល ២ ថ្ងៃគឺថ្ងៃទី ៩ និង ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២ នេះដោយមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានធ្វើការបង្ហាញរបាយការណ៍ថា ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរមកលេងកម្សាន្តសរុបចំនួន ១៨៩១៦៧ នាក់។
ក្រោយអាក់ខានអស់រយៈពេល ២ ឆ្នាំ គេសង្កេតឃើញថាមានមនុស្សមកពីគ្រប់ច្រកល្ហកទាំងក្នុងខេត្ត និង ក្រៅខេត្តបានធ្វើដំណើរចូលរួមទស្សនា និង កម្សាន្តក្នុងពិធីនេះយ៉ាងសប្បាយរីករាយដោយសារតែក្រៅពីកម្មវិធីបុណ្យអុំទូក រដ្ឋបាលខេត្តក៏បានរៀបចំឱ្យមានស្តង់លក់ទំនិញគ្រប់ប្រភេទព្រមទាំងក្រុមតន្ត្រីខនសឺត ប្រគំកំដរនៅសួននាគបាញ់ទឹកផងដែរ។ ជាក់ស្ដែង មានភ្ញៀវជាតិចំនួន ១៨៨៩៥៧ នាក់ និង ភ្ញៀវទេសចរអន្តរជាតិ (ទេសចរផ្ទៃក្នុង) មានចំនួន ២១០ នាក់។
គួរបញ្ជាក់ដែរថា ក្នុងរយៈពេល ២ ថ្ងៃនេះមានព្រឹត្តិការណ៍ជាច្រើនដូចជាមានការប្រណាំងទូកដែលមានទូលកចូលរួមចំនួន ៣៥ គូ និង កីឡាករ កីឡាការិនី ចូលរួមប្រមាណជាង ១០០០ នាក់៕
រូបភាពដោយ៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង