វិធីឆ្លាតវៃ ៥ ចំណុច ប្រើភ្លាមបានផលភ្លែត សម្រាប់ដោះស្រាយរឿងកូនៗញៀនទូរស័ព្ទ
បច្ចុប្បន្ននេះទូរស័ព្ទស្មាតហ្វូន (Smartphone) បាន និង កំពុងពេញនិយមប្រើប្រាស់ខ្លាំងបំផុតពីមនុស្សគ្រប់វ័យស្រទាប់។ ក្រៅពីប្រើប្រាស់ស្មាតហ្វូនសម្រាប់ការហៅចេញ ទំនាក់ទំនងផ្ញើសារ និង លេងអ៊ីនធឺណែត ស្មាតហ្វូនក៏នាំមកនូវបច្ចេកវិទ្យាទំនើបៗ រួមទាំងកម្មវិធីដែលអាចទាញយក App ហ្គេមជាច្រើន ដែលធ្វើឱ្យក្មេងៗចាប់ផ្តើមជក់ចិត្ត លេងហើយ លេងទៀត រហូតច្រើនម៉ោង ឬ អាចថាញៀនទូរស័ព្ទតែម្តង។
ឪពុកម្តាយមួយចំនួនបានយកទូរស័ព្ទធ្វើជានុយសម្រាប់ឱ្យកូនលេងដើម្បីបញ្ចុកអាហារ ឬ ដើម្បីឱ្យពួកគេនៅស្ងៀម ប៉ុន្តែសកម្មភាពទាំងនេះអាចជះផលអាក្រក់ចំពោះកូនទៅថ្ងៃខាងមុខដូចជា ធ្វើឲ្យកូនក្លាយជាមនុស្សចូលចិត្តនៅម្នាក់ឯង ប្រាជ្ញាមិនវាងវៃ សមត្ថភាពខួរក្បាលចុះខ្សោយ និងកម្រិតភ្នែកមើលឃើញធា្លក់ចុះ ជាដើម។ ដើម្បីជៀសវាងកូនញៀននឹងការលេងទូរស័ព្ទ ឪពុកម្តាយគ្រប់រូបគួរអនុវត្តប្រើវិធីសាស្ត្រដូចខាងក្រោម ៖
– ចុះឈ្មោះហាត់កីឡា
ក្មេងៗសម័យនេះមិនសូវចូលចិត្តចេញទៅលេងនៅក្រៅផ្ទះជាមួយអ្នកជិតខាង ឬ មិត្តភក្តិនោះទេ សកម្មភាពទំនេររបស់ពួកគេគឺមើលទូរទស្សន៍ ពិសេសលេងទូរស័ព្ទតែម្តង។ ដើម្បីជៀសវាងញៀនទូរស័ព្ទ ឪពុកម្តាយគ្រប់រូបគួរបបួលកូនមកលេងកីឡាវិញ ឬ ឱ្យកូនចុះឈ្មោះជាសមាជិកនៅក្លឹបកីឡាដោយឱ្យកូនជ្រើសរើសលេងកីឡាណាមួយដែលគេចូលចិត្ត។ ការលេងកីឡាក្រៅពីផ្តល់នូវសុខភាពល្អ រាងកាយមាំមួន ទន្ទឹមគ្នានេះវាថែមទាំងជួយជំរុញឱ្យខួរក្បាលឆ្លាតវាងវៃផងដែរ។
– កំណត់ពេល និង បញ្ឈប់
ពេលខ្លះបើនិយាយមិនស្តាប់ អ្នកគួរតែប្រើអំណាចជាឪពុកម្តាយបញ្ជាកូនឱ្យឈប់លេងទូរស័ព្ទ ឬ មិនដូច្នោះកំណត់នាទីឱ្យពួកគេលេង និង ត្រូវយកមកវិញដាច់ខាត។ ការធ្វើដូចនេះអាចជាច្បាប់ដ៏តឹងរ៉ឹងមួយសម្រាប់ពួកគេ ប៉ុន្តែរៀងរាល់ថ្ងៃយូរៗទៅវានឹងក្លាយជាទម្លាប់មិនខាន។
– ធ្វើជាគំរូល្អ
ឪពុកម្តាយជាគំរូចម្បងរបស់កូនគ្រប់រូប អ្នកអាចកត់សម្គាល់ឃើញថានៅពេលអ្នកធ្វើអ្វីមួយ កូនរបស់អ្នកនឹងចាប់ផ្តើមធ្វើសកម្មភាពនោះតាមអ្នកដូចគ្នា។ ឧទាហរណ៍ បើអ្នកទម្លាប់លេងទូរស័ព្ទច្រើនម៉ោងនៅចំពោះមុខកូន នោះកូននឹងចង់លេងទូរស័ព្ទតាមមិនខាន។ ដើម្បីជាគំរូល្អ អ្នកគួរបញ្ឈប់ការលេងទូរស័ព្ទនៅចំពោះមុខកូន ហើយងាកមកប្រលែងលេងនិយាយលេងជាមួយកូនឱ្យបានច្រើនវិញទើបប្រសើរ។
– ពន្យល់ពីផលអាក្រក់
កុមាររមែងមានចិត្តទន់ និង ឆាប់ជឿជាក់។ អ្នកអាចពន្យល់កូនអំពីផលប៉ះពាល់ចំពោះសុខភាពនៃការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន។ អ្នកអាចចង្អុលបង្ហាញពួកគេជាមួយភស្តុតាងជាក់ស្តែងតាមរយៈរូបភាព និង វីដេអូអប់រំស្តីអំពីផលប៉ះពាល់នៃការប្រើប្រាស់ស្មាតហ្វូន។
– ដាក់លេខសម្ងាត់
ស្មាតហ្វូនទាំងអស់សុទ្ធតែមានមុខងារចាក់សោជាមួយលេខសម្ងាត់។ ដូចនេះវិធីជៀសវាងល្អបំផុតអ្នកគ្រាន់តែដាក់លេខសម្ងាត់ជាការស្រេច។ ការធ្វើបែបនេះមិនត្រឹមតែជៀសវាងកូនញៀនទូរស័ព្ទប៉ុណ្ណោះទេ តែថែមទាំងធ្វើឱ្យកូនយល់ច្បាស់ពីទម្លាប់នៃការហាមប្រាមផងដែរ៕