ជាការពិតណាស់ កន្លងមកមានមហាជនអ្នកស្នេហាវិស័យសិល្បៈជាច្រើនមកហើយ តែងតែផ្គូផ្គងតារាក្នុងដួងចិត្តរបស់គេឱ្យស្រឡាញ់គ្នា បន្ទាប់ពីឃើញភាពស្និទ្ធស្នាលរបស់សិល្បករ សិល្បការិនីទាំងនោះបង្ហាញសកម្មភាពជិតដិតគ្នាដូចគូស្នេហ៍។
យ៉ាងណាមិញ ថ្មីៗនេះ ក្រឡេកទៅមើលអ្នកគាំទ្ររបស់តារាចម្រៀងប្រចាំផលិតកម្មបារមី ២ រូប គឺលោក យូហៃ និង កញ្ញា រ៉េត ស៊ូហ្សាណា ឯណោះវិញ ក៏កំពុងត្រូវបានអ្នកគាំទ្រផ្គូផ្គងអ្នកទាំង ២ ដោយពាក្យ Trending ហៅថា Ship នោះដែរ។
មូលហេតុ ដែលធ្វើឱ្យអ្នកគាំទ្រ Ship តារាចម្រៀងស្រីស្រស់សោភា ហ្សាណា និង តារាចម្រៀងរ៉េបស្រស់សង្ហា យូហៃ ក៏ព្រោះអ្នកទាំង ២ មួយរយៈចុងក្រោយនេះ រមែងចេញបំពេញការងារ ដូចជាការប្រគំតន្ត្រីជាមួយគ្នាញឹកញាប់។ លើសពីនោះ កាលពីអំឡុងថ្ងៃបុណ្យណូអែល គេបានឃើញលោក យូហៃ ទិញកាដូឱ្យកញ្ញា រ៉េត ស៊ូហ្សាណា ទៀតផង។
ម្យ៉ាងវិញទៀត វីដេអូចុងក្រោយបង្ហោះឡើងលើគណនី Tik Tok របស់កញ្ញា រ៉េត ស៊ូហ្សាណា បានធ្វើឱ្យអ្នកគាំទ្រចូលទៅខមមិនមានការសង្ស័យពីទំនាក់ទំនងរបស់អ្នកទាំង ២ ដោយវីដេអូនោះ គឺកញ្ញា រ៉េត ស៊ូហ្សាណា និង លោក យូហៃ បានប្តូរអាវគ្នាពាក់ ពោលគឺលោក យូហៃ ពាក់អាវរបស់កញ្ញា រ៉េត ស៊ូហ្សាណា រីឯកញា រ៉េត ស៊ូហ្សាណា ពាក់អាវរបស់លោក យូហៃ៕