មិនលេងសើចទេ! រៀនសង្កេតមើលបើអ្នកមាន ៩ ចំណុចនេះ បានន័យថាអ្នកកំពុងកើតជំងឺលង់នឹងខ្លួនឯងហើយ
ជំងឺលង់នឹងខ្លួនឯង ឬ ហៅថា Narcissistic Personality Disorder ជាជំងឺមួយដែលធ្វើឱ្យមនុស្សម្នាក់មានបុគ្គលិកលក្ខណៈជឿជាក់លើខ្លួនឯងខ្លាំង ត្រូវការឱ្យអ្នកដទៃលើកសរសើរពីខ្លួនឯង ទទួលនូវអ្វីដែលអ្នកដទៃនិយាយមិនល្អចំពោះខ្លួនមិនបាន ហើយអ្នកដែលកើតជំងឺនេះតែងតែគិតថាខ្លួនឯងសំខាន់ខ្លាំង និង ជាបុគ្គលពិសេស។
មូលហេតុដែលធ្វើឱ្យកើតមានជំងឺនេះគឺ អាចបណ្តាលមកពីតំណពូជ ឬ បរិបទសង្គមដែលរស់នៅ។ លើសពីនេះទៅទៀតនោះ វាក៏អាចបណ្តាលមកពីជីវិតកាលពីវ័យកុមារភាពរបស់មនុស្សម្នាក់ៗផងដែរ ដែលទទួលបានតែពាក្យបង្អាប់បន្ទោស មើលងាយ មិនដែលសរសើរថាល្អ ទោះធ្វើល្អក៏មិនបានល្អ និង មួយវិញទៀតអាចបណ្តាលមកពីឪពុកម្តាយលើកសរសើរកូនជ្រុលហួសហេតុពេកក៏មាន។
ដោយឡែក ចំពោះអាការអ្នកដែលកើតមានជំងឺមួយនេះវិញ គេអាចសង្កេតមើលទៅលើ ៩ ចំណុចនេះ។ មានដូចជា៖
១. ចង់ក្លាជាមនុស្សសំខាន់គ្រប់បេលវេលា
២. ខឹងពេលដែលអ្នកដទៃមិនលើកតម្កើងខ្លួនឯងនៅពេលដែលសម្រេចផលអ្វីមួយ
៣. ប្រកាន់គោលគំនិតថា អ្វីដែលខ្លួនបានធ្វើគឺល្អជានិច្ច
៤. គិតថា ខ្លួនឯងលើកហេតុផលមកគឺត្រូវជាងអ្នកដទៃរហូត
៥. គិតតែពីចង់បានអំណាច ដើម្បីត្រួតលើអ្នកដទៃ
៦. ចូលចិត្តមើលងាយអ្នកដែលអន់ជាងខ្លួន
៧. ចូលចិត្តបង្គាប់ឱ្យគេធ្វើតាម
៨. ឆេវឆាវពេលដែលឮអ្នកដទៃរិះគន់មកលើខ្លួន
៩. យល់តែអារម្មណ៍ខ្លួនឯង មិនយល់អារម្មណ៍អ្នកដទៃ៕