ឯកឧត្តម គួច ចំរើន បញ្ជាឱ្យម្ចាស់ និង អ្នកបើកឡានសណ្ដោងបើកថយក្រោយ ប្រញាប់ចូលខ្លួនបំភ្លឺជាបន្ទាន់
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល បន្ទាប់ពីបានទស្សនាវីដេអូ ឡានដឹកទំនិញធន់ធ្ងន់មួយគ្រឿង បានបើកថយក្រោយ ដោយយកក្បាលរថយន្ត សណ្ដោងរថយន្តដឹកទំនិញមួយទៀត នៅលើដងផ្លូវ ជាសកម្មភាពមិនគួរកើតមាន និង អាចបង្កគ្រោះថ្នាក់ទៅកាន់អ្នកដំណើរផ្សេងទៀតផងដែរ។
ទាក់ទិនទៅនឹងករណីនេះ នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៤ តាមរយៈផេក ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានបង្ហោះវីដេអូនៃអ្នកបើកបរ ព្រមទាំងបញ្ជាក់ថា ៖ «ម្ចាស់ និង អ្នកបើករថយន្តនេះ សូមប្រញាប់ចូលខ្លួនមកបំភ្លឺ នៅស្នងការនគរបាលខេត្តកណ្ដាលបន្ទាន់»។
តាមរយៈចំណាត់ការនេះ បានធ្វើឱ្យបងប្អូនមហាជនមានភាពកក់ក្ដៅ ក្រោយពីមានការអន្តរាគមន៍ទៅលើសកម្មភាពបែបនេះនៅលើដងផ្លូវ ព្រមទាំងសង្ឃឹមថានឹងលែងមានការសណ្ដោងខុសបច្ចេកទេស ព្រមទាំងការដឹកទំនិញសំពីងសំពោងលើដងផ្លូវហួសចំនួនកំណត់បែបនេះ ដែលអាចបង្កហានិភ័យទៅដល់អ្នកបើកបរដទៃទៀតនៅលើដងផ្លូវ៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖