ថ្ងៃទី ០១ ខែសីហា ខាងមុខ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកដំបូងនៃវេទិកា និង ពានរង្វាន់សហគ្រិនអាស៊ានឆ្នាំ ២០២៤
នៅថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២៤ ឆាប់ៗនេះ កម្ពុជានឹងក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ «វេទិកា និង ពានរង្វាន់សហគ្រិនអាស៊ានឆ្នាំ ២០២៤» ដែលនេះគឺជាលើកដំបូងដែលកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ ហើយនេះក៏ជាឱកាសមួយដែលកម្ពុជាមានឱកាសរំលេច ឬ បង្ហាញនូវសក្តានុពលនៃការវិនិយោគទៅដល់បណ្តាប្រទេសក្នុងតំបន់អាស៊ាន និង ទៅដល់ឆាកអន្តរជាតិ។
បើតាម ឧកញ៉ា ស្រ៊ាត មុំសុភា ប្រធានគណៈកម្មការរៀបចំកម្មវិធីនេះបានលើកឡើងថា វេទិកាសហគ្រិន និង រង្វាន់សហគ្រិនអាស៊ាន ២០២៤ នេះ រៀបចំឡើងក្រោមប្រធានបទ «ASEAN, We’re One» និង ផ្តោតជាសំខាន់ទៅលើកិច្ចពិភាក្សាលើការធ្វើជំនួញ និង ការធ្វើពាណិជ្ជកម្ម។
វេទិកានេះ នឹងមានការចូលរួមបើកវេទិកាក្រោមអធិបតីភាពរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និង វត្តមានរបស់រដ្ឋមន្រ្តីនៅតាមបណ្តាក្រសួងមួយចំនួន ដូចជាក្រសួងកិច្ចនារី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ ក្រសួងទេសចរណ៍ និង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អ្នកវិនិយោគគិន ក្រុមហ៊ុនធំៗជាច្រើន ធ្វើជាវាគ្មិនក្នុងកម្មវិធីជជែកពីភាក្សា ដើម្បីចែករំលែកនូវឱកាសវិនិយោគនៅកម្ពុជា។
ព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយនេះ នឹងក្លាយទៅជាកាតាលីករ ក៏ដូចជា Platform អន្តរជាតិដ៏សំខាន់មួយសម្រាប់ចូលរួមចំណែកជួយជ្រោមជ្រែង និង គាំទ្ររាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និង ជាការគាំទ្រយ៉ាងសំខាន់ទៅដល់គោលនយោបាយអាស៊ាន និង អន្តរជាតិ នៅក្នុងការលើកកម្ពស់ និង ជំរុញសក្តានុពលរបស់ស្ត្រី នៅក្នុងវិស័យជំនួញនានា ដើម្បីការរីកចម្រើនលូតលាស់ទៅលើសេដ្ឋកិច្ច និង ការអភិវឌ្ឍន៍សង្គម ប្រកបដោយចីរភាព និង វឌ្ឍនភាព។
កម្មវិធី ASEAN Women Entrepreneurs Network Award (AWEN Award) ត្រូវបានបង្កើតឡើងក្នុងគោលបំណងតំណាងឱ្យស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ចទាំងអស់ នៅក្នុងរដ្ឋជាសមាជិកអាស៊ានដោយផ្ដោតទៅលើ ៖ ការបង្កើតវេទិកាក្នុងតំបន់, ការគាំទ្រសហគ្រិនស្ត្រីអាស៊ាន ឱ្យមានលទ្ធភាពទទួលបានគ្រឹះស្ថានហិរញ្ញវត្ថុកាន់តែប្រសើរឡើង, ផ្តល់ឱកាសឱ្យសហគ្រិនទាំងនេះ បង្កើតបណ្តាញសហគមន៍យ៉ាងរឹងមាំមួយ, បង្កើតមូលនិធិសម្រាប់គំនិតអាជីវកម្មច្នៃប្រតិដ្ឋនានាឱ្យទទួលបានជោគជ័យ។
ចំណែក AWEN Award Night គឺជាព្រឹត្តិការណ៍មួយ ដែលបានបង្កើតឡើងដោយ AWEN «ASEAN WomenEntrepreneur Network» តាំងពីឆ្នាំ ២០១៥ មក ដែលក្នុងនោះសហគ្រិនស្ត្រីឆ្នើមអាស៊ានបានទទួលពានរង្វាន់ជាច្រើន ។
វេទិកាសហគ្រិន និង រង្វាន់សហគ្រិនអាស៊ាន ២០២៤ នឹងរៀបចំឡើងនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ភូគីត្រា ដោយមានសហគ្រិនកម្ពុជា និង សហគ្រិនមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ានប្រមាណជាង ៣០០ នាក់។ សម្រាប់ឆ្នាំនេះសហគ្រិនប្រមាណ ២២ នាក់នឹងទទួលបានពានរង្វាន់ពីវេទិកានេះ៕