ចេញ Sad លើកនេះ! ថេណា ផុសថាគ្មានអ្នកយល់ចិត្ត តែត្រូវអ្នកគាំទ្រនាំគ្នាចាត់ទុកជារឿងកំប្លែងវិញ
ដូចមហាជនបានជ្រាបហើយថា តារាចម្រៀងសំឡេងស្រទន់ ថេណា ត្រូវបានអ្នកគាំទ្រ ជាពិសេស យុវវ័យពេញចិត្តស្រឡាញ់ខ្លាំងទៅលើទេពកោសល្យសិល្បៈរបស់លោក។ លើសពីនោះ បើនិយាយពីរូបសម្បត្តិ និង អាកប្បកិរិយាវិញ បើទោះជាមិនសូវមាត់កក្តី តែលោក ថេណា ត្រូវបានចាត់ទុកជាតារាចម្រៀងប្រុសមានមន្តស្នេហ៍មួយរូប។
ជាងនេះទៅទៀត រាល់ការបង្ហោះសារ បង្ហោះរូបភាពនៅលើគណនី និង ផេកហ្វេសប៊ុកផ្លូវការម្តងៗ គឺលោក ថេណា ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ និង ចូលទៅបញ្ចេញមតិ ចែករំលែករាប់ពាន់ដងឯណោះ។
ជាក់ស្តែង កាលពីយប់រំលងអធ្រាត្រម៉ោងប្រមាណជាង ១២ យប់ ថ្ងៃទី ២១ ឈានចូលថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ តារាចម្រៀងប្រុស ថេណា បានបង្ហោះ Status មួយថា ៖ «លាហើយ លាលើកចុងក្រោយ ជូនពរឱ្យអ្នកបានសុខចុះនឹងប្រុសម្នាក់នោះ wish you happy endings»។
ក្នុងនោះ Status ខាងលើមានអ្នកចូលទៅបញ្ចេញមតិទាំងយប់ និង ចែករំលែកជាបន្តបន្ទាប់ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍សារ ដែលលោក ថេណា បង្ហោះឡើងនោះ គឺមានអ្នកចុចសើចដល់ទៅជាង ២ ម៉ឺននាក់ ឯណោះ ពោលគឺបើទោះជាលោក ថេណា បង្ហោះសារបែបឈឺចាប់ តែអ្នកគាំទ្រគិតថាជារឿងអស់សំណើច ព្រោះកន្លងមកតារាប្រុសរូបនេះមិនដែលបង្ហើបថាមានគូស្នេហ៍នោះឡើយ។ ម្យ៉ាងវិញទៀតនោះ គឺលោក ថេណា ចូលចិត្តលេងសើចលើហ្វេសប៊ុកបង្ហោះ Status ប្លែកៗ និង អ្នកគាំទ្រខ្លះក៏គិតថា ជាឃ្លាចេញពីបទចម្រៀងរបស់លោកក៏ថាបាន៕