៤ យ៉ាងនេះ គេជឿថាកូនអាចកើតអូទីហ្សឹម តែតាមពិតមិនមែនទេ
គ្រប់យ៉ាងរាប់តាំងពីការចាក់វ៉ាក់សាំងរហូតដល់វីតាមីនលេប ត្រូវបានគេចោតថាវាអាចបង្កជាករណីធ្វើឱ្យកូនកើតអូទីហ្សឹម។ ចុះតើវាគួរឱ្យជឿដែរឬទេ? ផ្ទុយពីការយល់ច្រឡំ មាន ៤ យ៉ាង ដែលការស្រាវជ្រាវថ្មីថ្មោងបង្ហាញថា វាមិនមែនជាករណីដែលធ្វើឱ្យកូនកើតអូទីហ្សឹមនោះទេ។
១. វ៉ាក់សាំង
គេនិយាយថាការចាក់វ៉ាក់សាំងអាចបណ្តាលឱ្យកូនកើតអូទីហ្សឹម តែតាមពិតទៅវាគ្មានភស្តុតាងណាមួយដែលបញ្ជាក់ច្បាស់លាស់នៅឡើយ។ សូម្បីតាមរយៈកម្មវិធីផ្តល់វ៉ាក់សាំងរបស់ Australia’s National Immunisation Program កាលពីឆ្នាំ ២០០០ ក៏បានលើកឡើងថា ការចាក់វ៉ាក់សាំងវាមិនមានពាក់ព័ន្ធនឹងការធ្វើឱ្យកូនកើតអូទីហ្សឹមនោះទេ។ វាក៏ត្រូវបានគេប៉ាន់ស្មានថា វ៉ាក់សាំងកញ្ជ្រឹល ស្រឡទែន និង ស្អូច អាចជាដើមហេតុនៃការកើតអូទីហ្សឹម ខណៈដែលមិនមានទិន្នន័យ ឬ ការអះអាងណាមួយច្បាស់លាស់ ១០០ ភាគរយ។ បើមនុស្សគិតដូច្នេះមែន អ្វីដែលគ្រោះថ្នាក់ និង ហានិភ័យចំពោះជីវិតបំផុត គឺការប្រឈមកើតជំងឺក្អកមាន់ កញ្ជ្រឹល ឬ ស្រឡទែនជាដើម។
២. កង្វះភាពកក់ក្តៅ
វាកាន់តែមិនអាចទៅរួចទៀតដែលគេជឿថាកុមារកើតអូទីហ្សឹមអាចបណ្តាលមកពីកង្វះភាពកក់ក្តៅពីឪពុកម្តាយ ការបញ្ចេញកំហឹងដាក់កូនឬមិនសូវខ្វល់ខ្វាយនិយាយស្តីជាមួយកូន។ ការជឿតតគ្នានេះ វាទាក់ទងទៅនឹងរឿងមួយដែលបានកើតឡើងកាលពីឆ្នាំ ១៩៥០ នៅពេលដែលសាស្ត្រាចារ្យឈ្មោះ Bruno Betteheim ជំនាញខាងផ្នែកអភិវឌ្ឍនកុមារបានចង្អុលបង្ហាញ ដោយលោកជឿជាក់ថាម្តាយដែលមិនចេះផ្តល់ភាពកក់ក្តៅដល់កូន អាចជាករណីធ្វើឱ្យកូនវិវត្តទៅជាអូទីហ្សឹម ឬ មានសញ្ញាពាក់ព័ន្ធនឹងអូទីហ្សឹម។ តែមកដល់ឆ្នាំ ១៩៧០ រឿងនេះក៏ត្រូវបានច្រានចោលវិញ ដោយអ្នកជំនាញបានចេញមុខអះអាងថាវាគ្មានភស្តុតាងវិទ្យាសាស្ត្រណាមួយដើម្បីគំាទ្ររឿងមិនពិតនេះទេ។
៣. មកពីរបបអាហារ
ភាគច្រើនគេយល់ឃើញថាអ្វីដែលអ្នកម្តាយបានបរិភោគនៅពេលមានផ្ទៃពោះ អាចនឹងធ្វើឱ្យកូនវិវត្តទៅជាអូទីហ្សឹម។ ហើយខ្លះទៀតថាការបរិភោគអាហារនេះ អាហារនោះ អាចបញ្ចៀសកូនពីអូទីហ្សឹមបាន តែធាតុពិតវានៅតែគ្មានភស្តុតាងណាមួយមកបញ្ជាក់។ មួយវិញទៀត គេគិតថាអាហារមួយចំនួនដែលកូនបរិភោគអាចធ្វើឱ្យកូនប្រតិកម្មទៅជាអូទីហ្សឹម ខណៈដែលកុមារដែលកើតអូទីហ្សឹមភាគច្រើនមានបញ្ហាទាក់ទងនឹងក្រពះពោះវៀន។ ដូច្នេះពីរនេះខុសគ្នាមួយមិនមែនមកពីអាហារ និង មួយទៀតកុមារអូទីហ្សឹមភាគច្រើនមានបញ្ហាបែបហ្នឹងមកស្រាប់។
៤. ញៀនមើលទូរទស្សន៍
ខណៈដែលគេជឿថាកុមារវិវត្តទៅជាអូទីហ្សឹនដោយសារតែការមើលទូរទស្សន៍ច្រើនពេក អ្នកស្រាវជ្រាវនៅសហរដ្ឋអាមេរិកបានលើកឡើងដូច្នេះថា តាមពិតកុមារកើតអូទីហ្សឹមជាមនុស្សចូលចិត្តនៅតែក្នុងផ្ទះ ជាពិសេសចូលចិត្តមើលទូរទស្សន៍បំផុត។ បើមានកូនអូទីហ្សឹមអ្នកស្រាវជ្រាវបានផ្តល់ដំបូន្មានឱ្យកំណត់ម៉ោងមើលទូរទស្សន៍ និងលើកទឹកចិត្តឱ្យកូនមើលសៀវភៅ ឬ លេងឱ្យបានច្រើនវិញទើបជាការប្រសើរ។
ខណៈការជឿតតគ្នាខាងលើមិនមែនជារឿងពិត ចុះតើមានករណីអ្វីខ្លះដែលកុមារងាយប្រឈមវិវត្តទៅជាអូទីហ្សឹម? ចម្លើយមានមួយចំនួនដូចជា ៖ អូទីហ្សឹមកើតលើក្មេងប្រុសច្រើនជាងក្មេងស្រី, អាចមកពីលក្ខខណ្ឌវេជ្ជសាស្ត្រមួយចំនួន, ប្រវត្តិគ្រួសារធ្លាប់មានអ្នកកើតអូទីហ្សឹម និង កុមារកើតមុនខែក្រោម ២៦ សប្តាហ៍៕
ប្រភព៖ aruma