សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អនុញ្ញាតឱ្យលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមសិល្បករខ្មែរ ដឹកនាំដោយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។
នៅក្នុងឱកាសនោះ លោកជំទាវអ្នកឧកញ៉ា ប្រធានសមាគមសិល្បករខ្មែរ បានជម្រាបជូនសម្ដេចប្រធានរដ្ឋសភា ថា លោកជំទាវអ្នកឧកញ៉ា ពិតជាមានឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយជំរុញលើកស្ទួយ អភិរក្ស និងអភិវឌ្ឍន៍វិស័យសិល្បៈវប្បធម៌ខ្មែរដ៏ល្អផូរផង់ ឱ្យកាន់តែមានកិត្យានុភាពបន្ថែមទៀតទាំងលើឆាកជាតិ និងអន្តរជាតិ ក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ក៏បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះសម្តេចមហារដ្ឋសភាធិការធិបតី ដែលជាស្ត្រីពោរពេញដោយសមត្ថភាព មានភាពលេចធ្លោរខ្លាំងទាំងក្នុងឆាកនយោបាយ និងកិច្ចការសង្គម គឺជាធនធានមនុស្សដ៏កម្របំផុតរបស់កម្ពុជា ពិសេស ជានិមិត្តរូបរបស់ស្ត្រីកម្ពុជា។ សម្តេចបានកសាងសមិទ្ធផល និងស្នាដៃដ៏ត្រចះត្រចង់ជាច្រើនទសវត្សរ៍ក្នុងស្ថាប័ននីតិប្បញ្ញត្តិ រហូតត្រូវបានរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឱ្យក្លាយជាប្រធានរដ្ឋសភា សម្រាប់នីតិកាលទី៧នេះ និងជាស្រ្តីដំបូងគេក្នុងប្រវត្តិសាស្ត្រថ្នាក់ដឹកនាំកំពូលរបស់ស្ថាប័ននីតិប្បញ្ញត្តិមួយនេះ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេចមហារដ្ឋសភាធិការធិបតី បានធ្វើការកោតសរសើរចំពោះលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ថា ពិតជាស័ក្តិសមបំផុតក្នុងតំណែងជាប្រធានសមាគមសិល្បករខ្មែរ។ ជាមួយគ្នានោះ សម្តេចរដ្ឋសភាធិការធិបតី ក៏បានផ្តល់អនុសាសន៍ចំនួន ៧ ចំនុចសំខាន់ៗជូនដល់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ ដើម្បីលើកកម្ពស់ និងអភិរក្សសិល្បៈវប្បធម៌ ខ្មែរដូចជា៖
១- សូមលើកទឹកចិត្តសម្រាប់ការជំរុញ និងការអភិរក្សវិស័យសិល្បៈ និងវប្បធម៌របស់កម្ពុជា ដូចពាក្យស្លោក ខ្មែរលើកឡើងថា “វប្បធម៌រលំជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន “។
២-ការអភិវឌ្ឍនវប្បធម៌ ត្រូវមានការចូលរួមពីគ្រប់ភាគីទាំងអស់ ទាំងរាជរដ្ឋាភិបាល វិស័យឯកជន និងប្រជាជនទាំងអស់គ្នា ដើម្បីលើកស្ទួយសិល្បៈវប្បធម៌របស់យើង ឱ្យកាន់តែឧត្តុង្គឧត្តមថែមទៀត។
៣-ត្រូវធ្វើការសិក្សាស្រាវជ្រាវ អភិរក្ស គ្រប់ទម្រង់សិល្បៈវប្បធម៌ របស់យើងដែលបាត់បង់កន្លងទៅ ត្រូវយកមកប្រើប្រាស់ឡើងវិញ ឱ្យមានភាពស៊ីគ្នា ស្របតាមបរិបទសង្គមសព្វថ្ងៃ ដែលមានការវិវត្តន៍ពីជំនាន់មួយទៅជំនាន់មួយ គឺធ្វើយ៉ាងណាឱ្យវប្បធម៌ដើរទាន់សម័យកាល ។
៤-សមាគម បន្តកៀរគរធនធានថវិកាបន្ថែម តាមរយៈការរៃអង្គាសពីសប្បុរសជននានា សម្រាប់ទ្រទ្រង់សកម្មភាពសង្គម និងការអភិវឌ្ឍផ្សេងជាច្រើនទៀត។
៥-ត្រូវប្រើប្រាស់វប្បធម៌ដើរតួនាទីស្នូល តភ្ជាប់ទំនាក់ទំនងគ្នារវាងប្រជាជន និងប្រជាជន រវាងប្រទេស និងប្រទេស ដែលហៅថា “ការទូតវប្បធម៌”។
៦-សមាគម ត្រូវសហការជាមួយរាជរដ្ឋាភិបាល និងដៃគូ ដើម្បីបណ្តុះបណ្តាលពង្រឹងសមត្ថភាពសិល្បករ សិល្បការិនីជាប្រចាំ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សឱ្យកាន់តែមានសមត្ថភាពខ្ពស់។
៧-សមាគម គួរប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សម្រាប់អភិរក្សសិល្បៈ វប្បធម៌របស់កម្ពុជាយើង តាមរយៈកិច្ចសហការជាមួយប្រទេសជាដៃគូ ក្នុងការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក។
ជាមួយគ្នានោះ ដើម្បីជាការលើកទឹកចិត្តនៅក្នុងដំណើរការសមាគមសិល្បករខ្មែរ ឱ្យកាន់តែរលូន និងល្អប្រសើរថែមទៀត សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក៏បានឧបត្តម្ភជាថវិកាចំនួន ២០,០០០,០០០រៀល ជូនដល់សមាគមសិល្បករខ្មែរផងដែរ៕