កាន់តែក្តៅ! លោក អ៊ិន សុភិន ថាកុំអូសលោកពាក់ព័ន្ធនឹងរឿង Miss Grand Cambodia 2025 ក្រោយលេចឮមានអ្នកទិញសិទ្ធិមករៀបចំ
នៅល្ងាចថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ មហាជនអ្នកគាំទ្រវិស័យបវរកញ្ញាក្នុងប្រទេសកម្ពុជា កំពុងផ្ទុះកក្រើកឡើងវិញនូវរឿងរ៉ាវមួយ បន្ទាប់ពីបានលេចឮដំណឹងចចាមអារ៉ាមថាមានអ្នកទិញសិទ្ធិរៀបចំធ្វើកម្មវិធី Miss Grand Cambodia 2025 ឡើងវិញ ដែលព័ត៌មានលេចឮនេះបានធ្វើឱ្យមានមតិវែកញែកយ៉ាងកក្រើកពេញបណ្តាញសង្គម ទាំងហ្វេសប៊ុក និង Tiktok។
ស្របពេលនឹងព័ត៌មានចចាអារ៉ាមនេះលេចឮឡើង ស្រាប់តែអ្នកតាមដានវិស័យបវរកញ្ញានៅកម្ពុជាឃើញលោក អ៊ិន សុភិន ដែលជាអតីតអ្នកគ្រប់គ្រង Miss Grand Cambodia ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២ នោះ ចេញមកបង្ហោះសារមួយគួរឱ្យចាប់អារម្មណ៍ជុំវិញព័ត៌មានលេចឮពីការទិញសិទ្ធិ Miss Grand មកសាជាថ្មីនេះលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន។
តាមរយៈការបង្ហោះសារ លោក អ៊ិន សុភិន បានសរសេរៀបរាប់ថា ៖ «ដល់ពេលសម្រាកហើយ រកពេលទៅលេងកូនចៅនៅ USA មិនបានផង ទៅយករឿងអីមកដាក់ខ្លួនទៀត សុំអ្នកផុសអ្នក Comment រឿង Miss Grand Cambodia 2025 កុំយកខ្ញុំទៅពាក់ព័ន្ធដើម្បីបានល្បីផេកខ្លួនឯង ហើយបែរជាបង្កើតរឿងបំពុលសង្គម ទុកពេលវេលាយកការងារល្អៗមកធ្វើវិញ»។
គួរឱ្យដឹងដែរថា កាលពីដើមខែតុលា ឆ្នាំ ២០២៤ កន្លងទៅនេះ មានកើតរឿងរ៉ាវចម្រូងចម្រាស់ក្នុងការរៀបចំកម្មវិធី Miss Grand International 2024 ដែលកម្ពុជាសហការណ៍ធ្វើជាម្ចាស់ផ្ទះរួមនឹងប្រទេសថៃ។ ខណៈកំពុងដំណើរការប្រកួតបានទើបតែ ៣ ថ្ងៃ ស្រាប់តែត្រូវបានលោក Nawat អ្នកគ្រប់គ្រង MGI បញ្ចប់ពាក់កណ្តាលទី ដោយទង្វើរបស់អ្នកគ្រប់គ្រងថៃរូបនេះ ហាក់មិនបានផ្តល់តម្លៃដល់ម្ចាស់ផ្ទះកម្ពុជា និង បានចោទប្រកាន់មកម្ចាស់ផ្ទះកម្ពុជាទៀតថា រៀបចំការប្រកួតមិនស្តង់ដារ រហូតផ្ទុះការវែកញែក និង ឆ្លងឆ្លើយគ្នាលើបណ្តាញសង្គមយ៉ាងក្ដៅគគុក៕