ចម្រៀងចាស់ៗ ១០ បទ ត្រូវបានគេចាត់ទុកថាជាចម្រៀងបណ្ដាសា ធ្វើឱ្យអ្នកច្រៀង និង អ្នកស្ដាប់ហើយបាត់បង់ជីវិត
ការសិក្សាបានបង្ហាញថា តន្ត្រីអាចជួយព្យាបាលការថប់បារម្ភ កាត់បន្ថយភាពតានតឹង និង ការឈឺចាប់ ព្រមទាំងប្រយុទ្ធប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត ប៉ុន្តែមិនមែនគ្រប់បទចម្រៀងទាំងអស់ផ្តល់នូវពរជ័យ និង សេចក្តីសប្បុរសនោះទេ ដោយចម្រៀងខ្លះមានសមត្ថភាពបង្កជាគ្រោះថ្នាក់ដល់ផ្លូវចិត្តក៏មានដែរ។ យ៉ាងណាមិញ ខាងក្រោមនេះជាចម្រៀងចំនួន ១០ បទ ដែលគេនិយាយថាជាចម្រៀងបណ្ដាសាសម្រាប់អ្នកស្ដាប់ និង អ្នកច្រៀង។
១. Without You – BADFINGER
បទ «Without You» ដែលជាបទល្បីក្នុងឆ្នាំ ១៩៧១ បានក្លាយជាចម្រៀងបណ្ដាសា ក្រោយពីបានធ្វើឱ្យម្ចាស់បទទាំង ២ នាក់ បានធ្វើអត្តឃាត និង តារាចម្រៀងម្នាក់បានស្លាប់កាលពីឆ្នាំ ១៩៩៤ បន្ទាប់ពីគេបានច្រៀងបទនេះ។
២. Cross Road Blues – Robert Johnson
ប្រពន្ធរបស់តារាចម្រៀង លោក Robert Johnson មិនពេញចិត្តនឹងអាជីពរបស់ប្ដីទេ ព្រោះគេជឿថាតារាចម្រៀងរូបនេះមានការពាក់ព័ន្ធនឹងសាសនាងងឹត ពោលគឺលក់ព្រលឹង ដើម្បីបានល្បី ប៉ុន្តែក្រោយមកប្រពន្ធរបស់គេក៏បានស្លាប់ពេលសម្រាលកូន ទើបធ្វើឱ្យមនុស្សជាច្រើនកាន់តែជឿថា ការស្លាប់នេះបណ្ដាលមកពីចម្រៀងបណ្ដាសានោះ។ ក្រៅពីប្រពន្ធរបស់ម្ចាស់បទបានស្លាប់ហើយ គេនៅតែជឿទៀតថា បទនេះបានសម្លាប់កូនប្រុសរបស់តារាចម្រៀង ២ នាក់ផ្សេងទៀត ដែលបានច្រៀងបទនេះដែរ គឺ Robert Plant និង Eric Clapton កាលពីឆ្នាំ ១៩៣៦ និង បានជាប់ទាក់ទងនឹងករណីគ្រោះថ្នាក់ បណ្ដាលឱ្យសមាជិកក្រុម Lynyrd Skynyrd និង Allman Brothers ស្លាប់ ក្រោយពីបានច្រៀងបទនេះ។ ក្រៅពីនោះក៏មានតារាចម្រៀងម្នាក់ទៀត ដែលមានបំណងនឹងឡើងច្រៀងបទ «Cross Road Blues» នេះ បានស្លាប់ ដោយការធ្វើអត្តឃាតមុនឡើងច្រៀង។
៣. The Ninth Symphony – Any Composer
នៅសតវត្សរ៍ទី ១៩ បទចម្រៀងដែលតែងមិនចប់ពីអ្នកនិពន្ធជាច្រើនមួយបទនេះបានក្លាយជាចម្រៀង «បណ្តាសាទីប្រាំបួន» ដ៏គួរឱ្យភ័យខ្លាចមួយ ក្រោយពីអ្នកនិពន្ធជាច្រើនបានស្លាប់ពេលព្យាយាមបញ្ចប់បទនេះ។
៤. My Way – Frank Sinatra
បទ «My Way» ត្រូវបានគេចាត់ទុកថាជាបទចម្រៀង ដែលមានកេរ្តិ៍ឈ្មោះមិនល្អនៅក្នុងប្រទេសហ្វីលីពីន ព្រោះបទនេះបានបំផុសឱ្យមានឃាតកម្មជាច្រើន។ ជាក់ស្ដែងកាលពីឆ្នាំ ២០០៧ មានហេតុការណ៍ដ៏អាក្រក់មួយបានកើតឡើងលើបុរសម្នាក់ឈ្មោះ Romy Baligula ដែលបានស្រែកច្រៀងបទ «My Way» បណ្ដាលឱ្យសន្តិសុខហាងខារ៉ាអូខេ San Mateo ឈ្មោះ Robilito Ortega ដកកាំភ្លើងបាញ់សម្លាប់ Baligula ភ្លាមៗ ហើយករណីបែបនេះបានកើតមានស្រដៀងៗគ្នាដល់ទៅ ៥ ដង ទើបបទនេះត្រូវគេហាមឃាត់នៅតាមខារ៉ាអូខេជាច្រើនកន្លែង។
៥. Gloomy Sunday – Rezso Seress
បទ «Gloomy Sunday» ជាបទរៀបរាប់ពីភាពឈឺចាប់នៃការបែកបាក់របស់ជនជាតិហុងគ្រី ប៉ុន្តែវាបានបណ្ដាលឱ្យមនុស្សជាច្រើនដែលស្ដាប់ហើយធ្វើអត្តឃាត ទើបត្រូវបានគេស្គាល់ថាជាបទ «The Hungarian Suicide Song»។
៦. Music Musk Change – The Who
The Who គឺជាក្រុមតន្រ្តីរ៉ុករបស់អង់គ្លេស។ យោងតាមតារាចម្រៀង Roger Daltrey នៅក្នុងបទសម្ភាសមួយកាលពីឆ្នាំ ២០១៥ ជាមួយនឹង Howard Stern បានឱ្យដឹងថា បញ្ហាចាប់ផ្តើមពេលដែលអ្នកវាយស្គរ Keith Moon មិនអាចផ្ដោតអារម្មណ៍លើបទនេះបាន ទើបត្រូវគេបញ្ឈប់ការងារ។ រហូតដល់ថ្ងៃទី ៧ ខែកញ្ញា ពោលគឺត្រឹមតែមួយខែក្រោយពីចេញអាល់ប៊ុម អ្នកវាយស្គរ (Moon) អាយុ ៣២ ឆ្នាំរូបនោះ ក៏បានស្លាប់។
៧. Insha Ji Uth – Amanat Ali Khan
ទំនុកច្រៀងនៃបទ «Insha Ji Utho» ជាភាសាហិណ្ឌូ មានន័យថា «ក្រោកឡើង Insha» ដែលដើមឡើយវាជាកំណាព្យសរសេរដោយអ្នកនិពន្ធប៉ាគីស្ថាន ឈ្មោះ Ibne Insha ក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ដោយបានរៀបរាប់ពីរឿងរ៉ាវរបស់បុរសវង្វេងស្មារតីម្នាក់។ ដោយបានបំផុសគំនិតដល់ Amanat Ali Khan គេក៏បានសុំការអនុញ្ញាតពី Insha បង្កើតវាទៅជា ghazal ដែលជាប្រភេទនៃចម្រៀងបុរាណផ្អែកលើកំណាព្យអារ៉ាប់ និង បានយកទៅច្រៀងតាមទូរទស្សន៍កាលពីឆ្នាំ ១៩៧៤ ប៉ុន្តែប៉ុន្មានខែក្រោយពីបទនេះល្បី Khan បានស្លាប់ភ្លាមៗ ដោយជំងឺរលាកខ្នែងពោះវៀនក្នុងអាយុ ៥២ ឆ្នាំ។ ៤ ឆ្នាំក្រោយមក នៅថ្ងៃដដែលនៃការចេញផ្សាយបទចម្រៀងនេះ Insha ដែលជាកវីនិពន្ធដើមក៏បានស្លាប់ដែរ ដោយសារជំងឺមហារីក ដោយមួយថ្ងៃមុនពេលស្លាប់លោកសរសេរសំណេរមួយទៅមិត្តលោកថា ៖ «Yeh manhoos ghazal kitno ki jaan ley gi?» ដែលមានន័យថា ៖ «តើកំណាព្យត្រូវបណ្តាសានេះនឹងយកជីវិតមនុស្សប៉ុន្មាននាក់ទៀត? ចម្លើយគឺយ៉ាងហោចណាស់បីនាក់ទៀត»។ ក្រោយមកកូនប្រុសរបស់ Khan ឈ្មោះ Amjad បានស្លាប់បន្ទាប់ពីច្រៀងវា។ បន្ទាប់មកក៏មានផលិតករចម្រៀង Khalil Ahmed និង កូនប្រុសរបស់ Khan ម្នាក់ទៀត ឈ្មោះ Asad ក៏បានស្លាប់ដែរនៅអាយុ ៥២ ឆ្នាំ មិនយូរប៉ុន្មានក្រោយពីការច្រៀងបទឪពុកនៅក្នុងការប្រគំតន្ត្រីឆ្នាំ ២០០៦។
៨. Devil’s Trill Sonata – GIUSEPPE TARTINI
អ្នកនិពន្ធជនជាតិអ៊ីតាលី Giuseppe Tartini បានទទួលការបំផុសគំនិតសម្រាប់ «Devil’s Trill Sonata» ពីសុបិនដ៏គួរឱ្យភ័យខ្លាចរបស់លោកកាលពីឆ្នាំ ១៧១៣ ។ លោក Tartini បាននិយាយថា លោកមិនបានសរសេរបទ sonata នេះទេ ប៉ុន្តែបិសាចទេជាអ្នកធ្វើ ពេលលោកលេងវីយូឡុងក្នុងយល់សប្ត ទើបធ្វើឱ្យវាក្លាយជារឿងរ៉ាវ និង ជាចម្រៀងដ៏គួរឱ្យខ្លាចមួយ។
៩. Dead Man’s Curve – Jan និង Dean
បទចម្រៀងដ៏ពេញនិយមបំផុតមួយរបស់ Jan និង Dean គឺ «Dead Man’s Curve» និពន្ធក្នុងឆ្នាំ ១៩៦៤ ។ ក្នុងបទនេះ អ្នកទាំងពីរច្រៀងពីការប្រណាំងរថយន្ត Chevrolet Corvette Stingray លុះ ២ ឆ្នាំក្រោយមក នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ១៩៦៦ លោក Jan ដែលជាអ្នកនិពន្ធបទនេះបានជួបគ្រោះថ្នាក់ដូចគ្នាបេះបិទទៅនឹងបទចម្រៀង សូម្បីតែទីតាំង បណ្ដាលឱ្យលោករងការខូចខាតខួរក្បាលធ្ងន់ធ្ងរពេញមួយជីវិត ខ្វិនមួយផ្នែក និង មិនអាចនិយាយបាន។
១០. Piano Sonata No 6 – Alexander Scriabin
អ្នកនិពន្ធជនជាតិរុស្សី Alexander Scriabin នៅឆ្នាំ ១៩១១ បាននិពន្ធបទភ្លេងព្យាណូដ៏ល្បីមួយ ដែលធ្វើឱ្យលោកមានការភ័យខ្លាចចំពោះខ្លួនឯង ហើយម្ចាស់បទនេះក៏បានស្លាប់ដោយជំងឺដ៏អាថ៌កំបាំងមួយ ពេលលោកមានអាយុ ៤៣ ឆ្នាំ និង បានរៀបរាប់ពីបទ Sonata No 6 ថាជា «សុបិនដ៏អាក្រក់មួយ» ដែលបានធ្វើឱ្យលោកមានការភ័យខ្លាចយ៉ាងខ្លាំង មិនព្រមលេងបទនេះនៅទីសាធារណៈ៕
ប្រភព ៖ Grunge