Gong Hyo Jin គេងយំហើមភ្នែក ធ្លាប់នៅក្បែរប្តីទាំងយប់ទាំងថ្ងៃ ឥឡូវត្រូវឆ្ងាយគ្នាមួយរយៈធំ
ក្រោយពីរៀបការរួមរស់ជាប្តី-ប្រពន្ធក្រោមដំបូលតែមួយ បើនិយាយពីជីវិតអាពាហ៍ពិពាហ៍របស់តារាសម្ដែងស្រីកូរ៉េ Gong Hyo Jin និង ស្វាមីរូបសង្ហារបស់នាង គឺលោក Kevin Oh ពិតជាមានសុភមង្គល និងផ្អែមល្ហែមបំផុត។
យ៉ាងណាមិញ នាពេលថ្មីៗនេះ អារម្មណ៍កក់ក្តៅដែលធ្លាប់តែមានរបស់តារាស្រី Gong Hyo Jin ក៏បែរជារងា ដោយសារតែស្វាមីរបស់នាង ត្រូវចូលបម្រើយោធា ដោយត្រូវឃ្លាតឆ្ងាយពីគ្នារយៈពេល ២ ឆ្នាំ។
ជាក់ស្ដែង អំឡុងពេលធ្វើបទសម្ភាសក្នុងកម្មវិធីកម្សាន្ត «You Quiz on the Block» តារាស្រីរូបនេះ បានបង្ហាញពីអារម្មណ៍ពិតរបស់នាងថា៖ «ពេលនេះ ខ្ញុំត្រូវរៀនរស់នៅម្នាក់ឯង។ ចាប់តាំងពីប្តីរបស់ខ្ញុំបានចូលបម្រើយោធា ខ្ញុំគេងយំឱបខ្នើយស្ទើររាល់យប់ ដោយសារតែស្រឡាញ់ ហើយបារម្ភពីប្តីពេក តាំងពីគាត់ចូលបម្រើយោធា កាលពីខែធ្នូ ឆ្នាំ ២០២៣ មក ប៉ុន្តែយ៉ាងណា គាត់ក៏ផ្ញើសារមកសួរសុខទុក្ខខ្ញុំ រាល់រៀងថ្ងៃដែរ ក្នុងសារសរសេរនោះ មានពាក្យផ្អែមល្ហែម ហើយរ៉ូមែនទិកដូចក្នុងកុន»៕