លើសការរំពឹងទុក! យុទ្ធនាការ «១ ម៉ឺនរៀល ១ ម៉ឺននាក់» បានបញ្ចប់ហើយ ដោយទទួលបានថវិកាជាង ៣ លានដុល្លារ
រយៈពេលពេញមួយខែ មិថុនា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកុមារកម្ពុជា សម្រាប់ឆ្នាំ ២០២៤ របស់មូលនិធីគន្ធបុប្ផាកម្ពុជា បានបញ្ចប់ហើយ ដោយទទួលបានការចូលរួមពីបណ្ដាសប្បុរសជនយ៉ាងច្រើនផុសផុលរហូតដល់ទៅចំនួនជាង ២៤ ម៉ឺននាក់ឯណោះ។
តាមការបង្ហោះរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងថា យុទ្ធនាការមូលនិធិគន្ធបុប្ផាកម្ពុជា «១ម៉ឺនរៀល ១ម៉ឺននាក់» ក្នុងពេញមួយខែ មិថុនា នេះ ទទួលបានការបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារចំនួនជាង ៣,៣ លានដុល្លារអាមេរិក ដែលចំនួន ពិតជាច្រើនលើសការរំពឹងទុក ដែលនេះសបញ្ជាក់ឱ្យឃើញថា ការចូលរួមបរិច្ចាគ កាន់តែមានការផុសផុលឡើងហើយ បើធៀបទៅនឹងយុទ្ធនាការកន្លងមក។
យ៉ាងណាមិញ ទោះបីជាយុទ្ធនាការនេះ ត្រូវបិទបញ្ចប់ក៏ពិតមែន តែមូលនិធិគន្ធបុប្ផាកម្ពុជានៅតែបន្តបេសកកម្មកៀគរការបរិច្ចាគជាប្រចាំ ព្រោះថាមន្ទីរពេទ្យគន្ធបុប្ផាត្រូវការថវិកាចំណាយចំនួនប្រមាណ ១២ ម៉ឺនដុល្លារ ក្នុងមួយថ្ងៃៗ ឬស្មើនឹងប្រមាណ ៤៣ លានដុល្លារ ក្នុងមួយឆ្នាំៗ ដើម្បីរក្សានិរន្តភាពនៃកិច្ចដំណើរការក្នុងបេសកកម្មផ្ដល់ការពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារ ព្រមទាំងស្រ្តីមានផ្ទៃពោះរាប់លានករណីក្នុងមួយឆ្នាំៗ ប្រកបដោយគុណភាព ឥតថ្លៃ និងមិនមានការរើសអើង៕