មិនប្រកាន់ខ្លួន! Freshie Boy ប៊ុន លីម៉ា ក្រៅពីការសម្តែង ស៊ូធ្វើការក្នុងហាងអយស្ទ័រមួយកន្លែងយ៉ាងសាមញ្ញ
មហាជននិយមតាមដានខ្សែភាពយន្តនិយាយពីសាច់រឿងពិតក្នុងសង្គមរបស់ផលិតកម្ម Sastra ច្បាស់ជាបានស្គាល់ហើយ អតីត Freshie Boy ឆ្នាំ ២០០៨ តារាសម្តែងប្រុសលោក ប៊ុន លីម៉ា ដែលអ្នកដឹកនាំរឿងនិយមឱ្យលោកសម្តែងជាតួអង្គមនុស្សខិលខូចក្បត់ចិត្តប្រពន្ធ ដូចជាក្នុងរឿង «តណ្ហា» រឿង «ព្រោះតែស្រី» និង រឿង «ពីប្រពន្ធដើមក្លាយជាប្រពន្ធចុង» ជាដើម។ មិនត្រឹមតែជាតារាសម្តែងតែប៉ុណ្ណោះទេ លោក ប៊ុន លីម៉ា ក៏មានអាជីពជាអ្នកថតរូបជំនាញមួយរូបផងដែរ ដោយកន្លងមកលោកបានបង្ហាញសមត្ថភាពថតរូប និង Pre-Wedding យ៉ាងស្រស់ស្អាតជាច្រើន។
រយៈពេលប្រមាណជាង ១ ឆ្នាំ ចុងក្រោយនេះ មហាជនអ្នកគាំទ្រលោក ប៊ុន លីម៉ា ក៏កំពុងតែចាប់ក្រសែភ្នែកដល់រូប ដោយសព្វថ្ងៃលោកបានចាប់យកការងារមួយផ្នែកទៀតជាបុគ្គលិកនៅក្នុងហាងអយស្ទ័រល្បីឈ្មោះមួយ ដោយលោកមានតួនាទីជាច្រើនដូចជា ជាអ្នកចាត់ការទូទៅ រត់តុ គិតលុយ ដឹកជញ្ជូនម្ហូប និង ពេលខ្លះឡើងផ្សារទិញអីវ៉ាន់ថែមទៀតផង។
តួនាទីខាងលើក្នុងហាងអយស្ទ័រល្បីនោះដែរ បានធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនបានសរសើរដល់លោក ប៊ុន លីម៉ា ថាពិតជាដាក់ខ្លួនយ៉ាងខ្លាំង បើទោះលោកជាតារាសម្តែងមានប្រជាប្រិយភាព តែងខ្លួនសង្ហាៗនៅមុខកាមេរ៉ា តែការងារក្នុងហាងវិញគឺខុសគ្នាស្រឡះ។
យ៉ាងណា ក្នុងអាជីពក្នុងហាងនោះដែរ លោក ប៊ុន លីម៉ា ក៏តែងបង្ហោះសារខ្លីៗនៅលើគណនីហ្វេសប៊ុករបស់លោកដែរថា ទោះជាការងារអ្វីឱ្យតែជាការងារសុច្ចរិត គឺលោកពេញចិត្តនឹងធ្វើ៕