បុគ្គលិកសួនសត្វម្នាក់នៅជប៉ុន ត្រូវប៉ូលិសឃាត់ខ្លួននៅនឹងកន្លែង ពេលកំពុងលួចចំណីពីសត្វស្វា
សារព័ត៌មាន South China Morning Post បានចេញផ្សាយករណីមួយនៅសួនសត្វ Tennoji ភាគខាងលិចខេត្ត Osaka ប្រទេសជប៉ុន ដោយបុរសជាបុគ្គលិកថែទាំសួនសត្វម្នាក់ត្រូវបានប៉ូលិសចាប់ឃាត់ខ្លួន ក្រោយរូបលោកបានលួចចំណីសត្វក្នុងសួន (មានផ្លែឈើ និង បន្លែ)។
តាមព័ត៌មានបានឱ្យដឹងថា ប៉ូលិសបានស៊ើបអង្កេតលើករណីបាត់បន្លែ និង ផ្លែឈើពីកន្លែងស្តុកចំណីសត្វហើយក៏រកឃើញថាជនដៃដល់ជាបុរសវ័យ ៤៧ ឆ្នាំម្នាក់ដែលបម្រើការនៅផ្នែកថែទាំ និង បង្កាត់ពូជសត្វ។ ប៉ូលិសបានបញ្ជាក់ថា ជនដៃដល់ដែលមិនទម្លាយអត្តសញ្ញាណនេះដែរត្រូវបានចាប់ជាប់ពេលកំពុងតែលួចយកចំណីពីសត្វស្វា តែយ៉ាងណាចំពោះគោលបំណងនៃការលួចចំណីសត្វនេះខាងប៉ូលិសនៅបន្តស៊ើបអង្កេតនៅឡើយ។
លោក Kiyoshi Yasufuku អនុប្រធាននៃសួនសត្វខាងលើ បានសម្ដែងការសោកស្ដាយចំពោះទង្វើមិនគប្បីរបស់បុគ្គលិកក្នុងសួន។ ខាងសួនសត្វក៏ធ្វើការសុំទោសផងដែរចំពោះការប៉ះពាល់ដល់ទំនុកចិត្តគ្រប់គ្នា និង សន្យាថានឹងដោះស្រាយលើករណីនេះឱ្យតឹងរឹងបំផុតដើម្បីបញ្ចៀសរឿងហេតុបែបនេះកើតឡើងជាថ្មីម្ដងទៀត៕