ថន លក្ខិណា ប្រាប់ពីអត្តចរិតតារាថៃ Om កាលនៅរស់ ខណៈធ្លាប់សម្តែងរួមគ្នាកាល ១០ ឆ្នាំមុន
ជាការពិតណាស់ មិនថាតែអ្នកគាំទ្រនៅក្នុងប្រទេសថៃនោះទេ ដែលមានការរំជួលចិត្តបន្ទាប់ពីទទួលបានដំណឹងមរណភាពរបស់តារាប្រុស Om Akkaphan ក្រោយពីលោកបានខិតខំតស៊ូជាមួយនឹងជំងឺមហារីកបេះដូងអស់រយៈពេលជាង ២ ឆ្នាំ នោះ ពោលគឺសូម្បីអ្នកគាំទ្រក្នុងប្រទេសកម្ពុជា ដែលធ្លាប់ទស្សនាការសម្តែងរបស់លោកក៏បានចូលរួមសោកស្តាយដែរ។
ក្នុងនោះ គេឃើញមានអ្នកគាំទ្រទាំងក្នុង និង ក្រៅប្រទេសថៃ បានបង្ហោះសាររំលែកមរណទុក្ខរបស់លោក Om Akkaphan និង រំឭកនូវស្នាដៃក្នុងវិថីសិល្បៈរបស់លោកពាសពេញបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok ទៀតផង។
ជាក់ស្តែង ក្រឡេកមកមើលតារាស្រីរបស់កម្ពុជា គឺកញ្ញា ថន លក្ខិណា ក៏បានបង្ហាញអារម្មណ៍សោកស្តាយ និង រំលែកទុក្ខនៃមរណភាពរបស់តារាប្រុសថៃ Om Akkaphan ដែរ ដោយតារាប្រុសរូបនេះ ក៏ធ្លាប់ជាដៃគូសម្តែងជាមួយនាងកាលពីប្រមាណ ១០ ឆ្នាំមុន ក្នុងរឿង «The Return» របស់ទូរទស្សន៍ប៉ុស្តិ៍លេខ ៧ ថៃ។
ក្នុងនោះ ពិធីការិនី ថន លក្ខិណា បានរៀបរាប់ថា៖ «ពិតជាសោកស្តាយ ចំពោះការបាត់បង់គាត់! ធ្លាប់ថតរឿងជាមួយគាត់កាលឆ្នាំ ២០១៤ គិតមកដល់ពេលនេះមានរយៈពេល ១០ ឆ្នាំហើយ។ គាត់ជាមនុស្សល្អ រួសរាយ រាក់ទាក់ និង ពូកែ សូមដួងវិញ្ញាណក្ខន្ធបងប្រុស ទៅកាន់ឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»៕