Allan ត្រៀមជួបអ្នកបោះទុនផលិតកុនថ្ងៃស្អែក ដើម្បីលម្អិតគម្រោងផលិតកុនជាមួយលុយ ៨ ម៉ឺនដុល្លារ
ជុំវិញរឿងដ៏ក្ដៅគគុកទាក់ទងនឹងវិស័យកុន មហាជនអ្នកតាមដានបានជ្រាបហើយ ថ្មីៗនេះ ស្របពេលមហាជនអ្នកគាំទ្រវិស័យភាពយន្តខ្មែរជាច្រើនបង្ហាញការមិនពេញចិត្តលើមតិរិះគន់របស់លោក Allan លើរឿង «ប្រវត្តិស្នេហ៍នាងនាថ» ក៏បានឃើញលោកបង្ហោះសារថ្មីមួយ ដោយបានស្រង់ខមមិនរបស់អ្នកលេងបណ្ដាញសង្គមម្នាក់មានគណនីហ្វេសប៊ុកឈ្មោះថា Sokhorn Oeun ដែលបញ្ចេញមតិចង់ឱ្យ Allan ផលិតភាពយន្តមួយ ហើយលោកនឹងជួយវិនិយោគជាថវិកាឱ្យអ្នកបង្កើតមាតិការូបនេះ ដើម្បីផលិតទៀតផង។
ខណៈនោះលោក Allan ក៏បានឆ្លើយតបទៅកាន់បុរសអ្នកជំនួញ Sokhorn Oeun នេះវិញ ដោយយល់ព្រមទទួលការវិនិយោគរបស់បុរសរូបនេះ បើសិនជាហ៊ានវិនិយោគមែន លោកក៏ហ៊ានធ្វើដែរ ដោយបានបង្ហាញពីគម្រោងរបស់ខ្លួនជុំវិញការផលិតរឿង និង ថវិកានៃការផលិត ដែលធ្លាប់គិតទុកជាយូរមកហើយទៀតផង ហើយអ្នកទាំងពីរនឹងណាត់ជួបដើម្បីពិភាក្សាគ្នានៅថ្ងៃស្អែក។
សារនោះ Allan បានបង្ហោះរៀបរាប់ថា ៖ «ពេលខ្ញុំអាន comment នេះហើយ ខ្ញុំពិតជាសប្បាយចិត្តណាស់។ ខ្ញុំសូមគោរពលោកពូ Sokhorn Oeun បើលោកពូហ៊ាននិយាយបែបនេះហើយ លោកពូត្រូវតែហ៊ានធ្វើ (ក្នុងនាមជាកូនប្រុសម្នាក់) ខ្ញុំក៏ជាកូនប្រុសម្នាក់ដែរ ខ្ញុំហ៊ានចេញមុខរិះគន់រឿងដែលខ្ញុំមិនចូលចិត្តហើយខ្ញុំក៏ហ៊ានទទួលយកមតិអវិជ្ជមានពីមហាជនមកខ្ញុំវិញដែរ។ អ៊ីចឹងលោកពូក៏ត្រូវហ៊ានទទួលយកចម្លើយដែលខ្ញុំឆ្លើយទៅលោកពូវិញដែរ។ ចម្លើយខ្ញុំគឺ «Yes» ខ្ញុំនឹងទទួលយកការវិនិយោគទុនរបស់លោកពូមកដើម្បីថតរឿងរបស់ខ្ញុំ, ដែលខ្ញុំចង់បង្កើតយូរណាស់មកហើយ វាជាប្រភេទរឿង Sci-fi ដែលមានទីតាំងថតនៅភ្នំពេញ, ខេត្តសៀមរាប and Tokyo (optional) ថវិកាដែលខ្ញុំត្រូវការដើម្បីថតរឿងនេះបានគឺត្រឹមតែ 8 ម៉ឺនដុល្លារតែប៉ុណ្ណោះ។ ហើយនេះជា List ដែលខ្ញុំត្រូវការ ដើម្បីថតបាន quality ដែលខ្ញុំចង់បាន ៖
– Camera: ARRI ALEXA MINI
– Lighting Crew
– High quality sound recorders
– Visual effect artists
* បញ្ជាក់: Status នេះមិនមែនជាសំណើដែលខ្ញុំសុំលោកពូទេ នេះគឺជាចម្លើយដែលខ្ញុំឆ្លើយទៅកាន់សំណើរបស់លោកពូ»។
ក្រោយពីបានឃើញការបង្ហោះរបស់ Allan មិនយូរប៉ុន្មាន បុរសអ្នកជំនួញលោក Sokhorn Oeun ក៏បានបង្ហោះឆ្លើយតបទៅកាន់លោក Allan យ៉ាងពេញចិត្តវិញថា ៖ «បើហៅខ្ញុំថា ពូ ខ្ញុំមានតែហៅ Allan ជាក្មួយទៅចុះ ក្មួយប្រុសហា៎ ក្នុងឆ្នាំ 2024 នេះ ពូវិនិយោគកុនមិនក្រោម 11 រឿងនោះទេ រឿងអីដែលថារឿងក្មួយត្រឹម 8 ម៉ឺន ពូមិនហ៊ានវិនិយោគនោះ?! ប៉ុន្តែ ត្រង់ថា រឿងក្មួយថតហើយទទួលយកជាការបានទេ ឬថតហើយ ឱ្យពូបោះលុយពូចោលទទេៗ? ក្មួយមានអ្វីមកបញ្ជាក់ទេ បើសូម្បីតែក្មួយ review ផលិតផល ប្រឹង boost ផង បានមិនដល់ 10k-20k views ផងនោះ?! ហើយអ្វីដែលក្មួយជាន់កែងខ្លួនឯងនោះ គឺឃ្លាថា «ខ្ញុំចង់បង្កើតយូរណាស់មកហើយ» មានន័យថា ក្មួយមិនដែលធ្លាប់ថតកុនទេ ត្រូវទេ?! ដូច្នេះ តើក្មួយមានអំណះអំណាងអ្វីកក់ក្ដៅសម្រាប់លុយម្ចាស់ទុនទេ? ឃ្លារបស់ខ្ញុំក៏បានបញ្ជាក់ដែរថា «បើលោកអាចធ្វើបានល្អជាងហ្នឹង ឬគ្មានកន្លែងទើសសោះ» ច្បាស់ណាស់ក្មួយត្រូវថតរឿងឱ្យបានល្អជាង រឿងនាងនាថ ដែលកើតចេញពីផលិតករសុទ្ធសឹងមានបទពិសោធន៍លើសពី 10 ឆ្នាំ ក្មួយពិតជាអាចធ្វើបានត្រូវទេ?»។ ក្មួយប្រុស បើចេះត្រឹមតែ review ផលិតផលទេ កុំធ្វើអ្វីខុសជំនាញអី នាំគេជេរណា ហើយពូក៏មិនចង់ឱ្យកុនដែលក្មួយថត ទាញទម្លាក់វិស័យកុនស្រុកខ្មែរយើងនោះដែរ ពីពូត្រៀមលុយវិនិយោគកុនក្មួយ»។
ជាមួយគ្នានោះ លោក Allan ក៏បានឆ្លើយតបតាមរយៈការខមមិនក្រោមការបង្ហោះរបស់លោក Sokhorn Oeun ថា ៖ «ខ្ញុំដឹងមុនហើយថាពូមិនហ៊ានទេ។ អញ្ចឹងថ្ងៃក្រោយកុំនិយាយពាក្យនេះទៀតអី។ នេះគ្រាន់តែជាលេសនិយាយដើម្បីលេបសម្ដីខ្លួនឯងតែប៉ុណ្ណោះ។ បើពូមិនទាន់អាន Screenplay ខ្ញុំផងម៉េចទាន់ដឹងថាខ្ញុំត្រូវការអ្វីខ្លះ។ ពូមិនទាន់ដឹងថាខ្ញុំមិនត្រូវការអ្វីហើយត្រូវការអ្វីទេ។ អ្វីដែលខ្ញុំត្រូវការនៅក្នុងរឿងដែលខ្ញុំចង់ធ្វើភាគច្រើន គឺមិនចាំបាច់យកលុយមកធ្វើទេ។ សម្រាប់តួខ្ញុំជាអ្នក Cast ខ្លួនឯង។ សម្រាប់ VFX ក៏ខ្ញុំភាគច្រើនធ្វើខ្លួនឯងដែរ អ៊ីចឹងមិនបាច់ចំណាយលុយច្រើនទៅលើ Artist ទេ។ ពីព្រោះរឿងនេះ គឺមិនត្រូវការ VFX ច្រើននោះទេ។ មុននឹងខ្ញុំនិយាយអ្វីខ្ញុំបានគិតរួចអស់ហើយ។ ខ្ញុំមិនចង់និយាយច្រើនទៀតទេពីព្រោះខ្ញុំដឹងថាពូមិនហ៊ានហើយ។ បញ្ជាក់៖ បើសិនជាមានបញ្ហាអូ ខ្ញុំនឹងឱ្យពូប្រាំបីម៉ឺននោះវិញភ្លាម»។
ខណៈនោះដែរ លោក Sokhorn Oeun ក៏បានយកខមមិនរបស់ Allan មកបង្ហោះឆ្លើយតបជាថ្មីដោយរៀបរាប់ថា ៖ «Allan ខ្ញុំទទួលបានការធានាហើយ គាត់នឹងសងលុយខ្ញុំវិញ 8 ម៉ឺន បើគាត់ធ្វើមិនបាន! តោះអ៊ីចឹងក្មួយរៀបចំថ្ងៃធ្វើបទបង្ហាញ និង ចុះកិច្ចសន្យាមកចុះ បញ្ជាក់ ៖ បងប្អូនសាធារណជន ក៏អាចចូលរួមជាសាក្សី ដឹងឮផងដែរ»៕