អំឡុងត្រីមាសទី ២ វីតាមីន និង ជាតិរ៉ែ មានប្រយោជន៍ខ្លាំងចំពោះទារក ទាំងមុន និង ក្រោយពេលកើត
របបអាហារតែងតែសំខាន់ចំពោះស្ត្រីពពោះ ហើយវារឹតតែសំខាន់ទៅទៀតដែលស្ត្រីត្រូវជ្រើសរើសរបបអាហារដែលត្រឹមត្រូវ ដើម្បីជួយដល់សុខភាពគភ៌ និង ទារកក្នុងផ្ទៃ។ អាហារផ្ទុកវីតាមីន និង ជាតិរ៉ែ គឺជាប្រភពដ៏សំខាន់ វាមិនត្រឹមតែជួយទារកនៅអំឡុងពពោះប៉ុណ្ណោះទេ តែថែមទាំងមានប្រយោជន៍នៅពេលពួកគេធំឡើងផងដែរ។ វីតាមីន និងជាតិរ៉ែសំខាន់ៗមានដូចជា ៖
១. កាល់ស្យូម
វាមានតួនាទីយ៉ាងសំខាន់ក្នុងការផ្គុំប្រព័ន្ធគ្រោងឆ្អឹងរបស់ទារក។ កាល់ស្យូមជាប្រចាំដែលស្ត្រីតម្រូវទទួលយកបន្ថែមអាច ៣០០ មីលីក្រាម ក្នុងមួយថ្ងៃ។ ដូចនេះបើសរុបទៅស្ត្រីពពោះមានតម្រូវការកាល់ស្យូមសរុប ១០០០ ទៅ ១២០០ មីលីក្រាមក្នុងមួយថ្ងៃ។ អាហារសម្បូរកាល់ស្យូមសម្រាប់ស្ត្រីពពោះនៅត្រីមាសទី ២ មានដូចជា ផលិតផលធ្វើពីទឹកដោះគោ សណ្តែក បន្លែបៃតង និង ត្រី…ជាដើម។
២. អាស៊ីតហ្វូលីក
បើស្ត្រីទទួលយកអាស៊ីតហ្វូលីកមិនគ្រប់គ្រាន់ វាអាចឱ្យទារកប្រឈមបញ្ហាប្រព័ន្ធប្រសាទឬពិការប្រព័ន្ធប្រសាទ ហេតុដូច្នេះការទទួលយកអាស៊ីតហ្វូលីកពិតជាមានសារៈសំខាន់ចំពោះស្ត្រីមានផ្ទៃពោះ។ តម្រូវការអាស៊ីតហ្វូលីកប្រចាំថ្ងៃសម្រាប់ស្ត្រីពពោះគឺ ៦០០ មីក្រូក្រាមក្នុងមួយថ្ងៃ។ ស្ត្រីអាចប្រើអាស៊ីតហ្វូលីកជាប្រភេទគ្រាប់ ទន្ទឹមគ្នានឹងការទទួលទានអាហារដែលផ្ទុកអាស៊ីតហ្វូលីកដូចជា ស្ពៃក្តោប ផ្កាខាត់ណាខៀវ ទំពាំងបារាំង ចេក ក្រូច និងស៊ុត។ បើប្រើអាស៊ីតហ្វូលីកប្រភេទគ្រាប់ ស្ត្រីគប្បីពិភាក្សាជាមួយគ្រូពេទ្យជំនាញមុនពេលប្រើប្រាស់ ដើម្បីច្បាស់លាស់ប្រភេទណាមួយដែលមានសុវត្ថិភាព និង សមស្របទៅតាមស្ថានភាពសុខភាពផ្ទាល់ខ្លួន។
៣. វីតាមីន D
វាជួយជំរុញរាងកាយស្រូបយកកាល់ស្យូម និង ផូស្វ័រ ដើម្បីបង្កើតប្រព័ន្ធគ្រោងឆ្អឹងរបស់ទារក។ ការកង្វះវីតាមីន D អាចបណ្តាលឱ្យទារកប្រឈមជំងឺឆ្អឹងទន់ បង្កកង្វះកាល់ស្យូមក្នុងឈាម ដែលជាករណីអាចធ្វើឱ្យកូនកើតមកឧស្សាហ៍ប្រកាច់នៅពេលក្តៅខ្លួន និងមានជំងឺពុកឆ្អឹងជាដើម។ ស្ត្រីពពោះគួរចេញហាលថ្ងៃឱ្យបានញឹកញាប់ ជាពិសេសនៅពេលព្រឹក។ ចំពោះអាហារជាប្រភពវីតាមីន D រួមមាន ទឹកដោះគោ ស៊ុត ប៊័រ និងខ្លាញ់ត្រី។
៤. វីតាមីន A
ស្ត្រីពពោះអំឡុងត្រីមាសទី ២ មានតម្រូវការទទួលយកវីតាមីន A ដើម្បីផ្គត់ផ្គង់ដល់ទារកផង និងខ្លួនឯងផង។ តម្រូវការវីតាមីន A សម្រាប់ស្ត្រីពពោះជាធម្មតា ៨០០ មីក្រូក្រាមក្នុងមួយថ្ងៃ។ អាហារសម្បូរវីតាមីន A មានដូចជា ថ្លើម សាច់ ស៊ុត បន្លែបៃតង បន្លែពណ៌លឿង និងបន្លែពណ៌ក្រហម។ គួរចំណាំថា អាហារប្រភពវីតាមីន A គួរបរិភោគក្នុងបរិមាណសមល្មម។ កាលណាវីតាមីន A ច្រើនពេកអាចបង្កករណីកូនពិការភាពពីកំណើត។ បើមានបំណងប្រើ វីតាមីន A ប្រភេទគ្រាប់ គប្បីពិភាក្សាជាមួយគ្រូពេទ្យមុនពេលប្រើប្រាស់។
៥. វីតាមីន B1
ស្ត្រីមានផ្ទៃពោះតម្រូវទទួលយកវីតាមីន B1 ឱ្យបានគ្រប់គ្រាន់ដើម្បីជៀសវាងកើតរោគស្ពឹកដៃជើង។ អាហារសម្បូរវីតាមីន B1 មានដូចជា សាច់ជ្រូក បន្លែ គ្រាប់ផ្លែឈើ និងត្រី៕
ប្រភព៖ VINMEC