ខ្លួនមួយរ៉ាប់រងមួយចប់! តារាចម្រៀងជើងចាស់ សួន ចន្ថា ស្ម័គ្រមើលថែស្វាមីឈឺគេងនឹងកន្ទេល ១២ ឆ្នាំ មិនត្អូញមួយម៉ាត់
ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងចាប់អារម្មណ៍នឹងសារមួយរបស់តារាចម្រៀងជើងចាស់ លោកស្រី សួន ចន្ថា បានរៀបរាប់នៅលើគណនីហ្វេសប៊ុកពីស្វាមីដែលកំពុងមានជំងឺប្រចាំកាយ។
ក្នុងនោះ លោកស្រី សួន ចន្ថា បានរៀបរាប់ថា៖ «១២ ឆ្នាំ មកហើយ ទោះលំបាកប៉ុណ្ណាក៏ក្នុងនាមអូនជាប្រពន្ធ អូនអំណត់តស៊ូមើលថែបងជានិច្ច ប្តីសម្លាញ់ បើទោះអូនកំពុងបំពេញការងារមែនពិត តែអូននៅតែគិតដល់មនុស្សសំខាន់របស់អូន។ សូមទេវតាតាមបីបាច់ថែរក្សាបង សូមឆាប់ជា»។
សាររបស់តារាចម្រៀងជើងចាស់ លោកស្រី សួន ចន្ថា នោះដែរ បានធ្វើឱ្យមហាជនក្តុកក្តួល អាណិត និង សរសើរដល់លោកស្រី ដែលជាភរិយាដ៏ល្អ ប្រឹងប្រែងមើលថែស្វាមីផង ធ្វើការរកចំណូលផងអស់រយៈពេល ១២ ឆ្នាំ មកនេះ។
គួរជម្រាបថា លោកស្រី សួន ចន្ថា បានទម្លាយប្រាប់ពីស្ថានភាពជំងឺស្វាមីហើយដែរ ដោយស្វាមីលោកស្រីមានជំងឺទឹកនោមផ្អែម និង លើសឈាម។ ម្យ៉ាងវិញទៀត បើនិយាយពីរឿងរ៉ាវជីវិតឯកជនរបស់លោកស្រី សួន ចន្ថា ដែលស្ទើរតែគ្មានអ្នកណាដឹងនោះឡើយ គឺលោកស្រីប្រឹងប្រែងច្រៀង ដើម្បីរកលុយព្យាបាលជំងឺស្វាមី៕