បុរសម្នាក់ សាកល្បងមិនអង្គុយចុះសោះមួយសប្តាហ៍សូម្បីចូលបង្គន់ មានអីធ្វើបានតែ ៥ ថ្ងៃក៏ទ្រាំលែងបាន តែបានលទ្ធផលស្មានមិនដល់
ថ្មីៗនេះ មាន Youtuber ម្នាក់ឈ្មោះ Pigmie បានសាកល្បង Challenge ថ្មី ដោយមិនអង្គុយចុះទាល់តែសោះ សូម្បីតែពេលបត់ជើង ចំនួនមួយសប្តាហ៍ ប៉ុន្តែធ្វើបានតែ ៥ ថ្ងៃប៉ុណ្ណោះ ហើយទទួលបានលទ្ធផលគួរឱ្យសង្កេតជាច្រើននៅលើរាងកាយ។
Pigmie បានឱ្យដឹងថា មានការសិក្សារកឃើញថាប្រជាជនអាមេរិកចំនួន ២៥ ភាគរយ បានប្រើពេលអង្គុយក្នុងមួយថ្ងៃចំនួន ៩.៥ ម៉ោង ទើបលោកចង់សាកល្បងមិនអង្គុយទាល់តែសោះ ដើម្បីចង់ដឹងថាវាមានការប្រែប្រួលយ៉ាងណាខ្លះទៅលើរាងកាយ។ ក្នុងនោះ Pigmie បានដាក់ Challenge ខ្លួនឯងចំនួន ១ សប្តាហ៍ ដោយមិនអង្គុយចុះទាល់តែសោះ សូម្បីតែពេលចូលបង្គន់ ពោលគឺសម្រាកបានតែពេលដេកចំនួន ៨ ម៉ោងប៉ុណ្ណោះ ក្រៅពីនោះគឺលោកឈរពេញមួយថ្ងៃ មិនថាកំពុងធ្វើអ្វីឡើយ។
ក្នុងថ្ងៃទី ៣ Pigmie ចាប់ផ្តើមមានការនឿយហត់ខ្លាំង ឃ្លានច្រើនជាងមុន ជាពិសេសគឺឈឺជើង ដែលបង្កមានផលរំខានដំណេកជាខ្លាំង លុះមកដល់ថ្ងៃទី ៥ ក៏ទ្រាំលែងបាន ទើបបញ្ឈប់ការសាកល្បងត្រឹមតែប៉ុណ្ណេះ។ ចុងក្រោយ បានឱ្យដឹងថា លោកសង្កេតឃើញថាខ្នងរបស់លោកមានសភាពកោងជាងមុន ប៉ុន្តែលោកមានអារម្មណ៍ថាប្រព័ន្ធរំលាយអាហារដំណើរការបានល្អជាងមុនដូចគ្នា ជាពិសេសទៅទៀត គឺលោកឱ្យដឹងថាការឈរធ្វើការ គឺមានប្រសិទ្ធភាពជាងធម្មតាដល់ទៅ ៣០ ភាគរយឯណោះ៕
ប្រភព៖ Sanook