ហ្វេហ្សិន Y2K ផ្ទុះនៅជំនាន់ ទ.វ ៩០ និង ទ.វ ២០០០ ចុះម៉េចក្មេងៗឥឡូវពេញនិយមម្ល៉េះ?
ត្រឡប់ទៅឆ្នាំ ២០០០ មនុស្សមានការភ័យខ្លាចចំពោះអ្វីដែលសហស្សវត្សរ៍ថ្មីនឹងនាំមក ប៉ុន្តែចំណោមការព្រួយបារម្ភទាំងនោះ វាក៏ជាការរីកចម្រើនទៅលើភាពច្នៃប្រតិដ្ឋ និង ការបញ្ចេញអ្វីដែលជាខ្លួនឯង ជាពិសេសគឺហ្វេហ្សិននេះតែម្តង។
ហ្វេហ្សិន Y2K ឬ the year 200០ សំដៅដល់ហ្វេហ្សិនឆ្នាំ ២០០០ គឺជាស្ទីលស្លៀកពាក់មួយដែលមានពណ៌ចម្រុះ និង អនាគតនិយម។ វាបានផុសឡើងនៅក្នុងទ.វ ៩០ និង ទ.វ ២០០០។ នៅ ទ.វ ៩០ ដំបូងឡើយវាជាស្ទីលមើលមកបែប grungy looks ឬក្រអឺតក្រទម។ ក្រោយមក វាត្រឡប់មកវិញមានលក្ខណៈរីករាយជាងមុន និង ក្លៀវក្លាជាងមុន។
ចុះហេតុអ្វីបានជាហ្វេហ្សិន Y2K មកល្បីនៅឆ្នាំ ២០២០? ពិតប្រាកដណាស់ ហ្វេហ្សិនរមែងតែរង្វិលជុំ ដែលពាក្យបច្ចេកទេសគេហៅថា repeat periodically។ ជាទូទៅការរង្វិលជុំរបស់ហ្វេហ្សិនអាចមានរយៈពេល ២០ ឆ្នាំ ឬលើសពីនេះ ជាក់ស្តែងម្ភៃឆ្នាំកន្លងទៅ មកដល់ឆ្នាំ ២០២០ ហ្វេហ្សិននេះចាប់ផ្តើមផ្ទុះឡើងវិញ ដែលភាគច្រើនគេសន្មតថា វាអាចកើតចេញពីប្រភពឌីជីថល និង ហ្វេហ្សិន ដូចជាការមានបណ្តាញសង្គម TikTok ការបង្កើតទំនោរនិយម(trend) ពីម៉ាកហ្វេហ្សិនល្បីៗ និង ការនិយមប្រើប្រាស់សម្លៀកបំពាក់ជជុះឡើងវិញ។
បច្ចុប្បន្ន ហ្វេហ្សិន Y2K នៅតែមិនទាន់ឃ្លាតទៅណាឆ្ងាយ ដោយឃើញនិយមស្លៀកពាក់ពីសំណាក់យុវវ័យជំនាន់ Gen-Z ឬអ្នកកើតចន្លោះឆ្នាំ ១៩៩៧-២០១២។ អត្តសញ្ញាណនៃសម្លៀកបំពាក់ស្ទីលនេះមានរួមបញ្ចូល ខោជើងប៉ាត់ មួកកន្តឹប ស្បែកជើងប៉ាត់តាធំៗ ប្រើសម្លៀកបំពាក់ពណ៌ដិតៗ លេចៗ ឆើតៗ និង មានបោះពុម្ពក្រឡាស្បែកសត្វ។ លើសពីនេះ អាវលេងម៉ូដរចនាក្រាហ្វិក និង លេងម៉ូដរូបប្រ៊េន រួមជាមួយម៉ូដឡូហ្គូច្រើននៅលើក្រណាត់ផងដែរ៕