បង្ហាញមុខកូនៗ ៣ រូប របស់លោក អេ ភូថង ដើរតាមគន្លងឪពុក កំពុងជោគជ័យខ្លាំងលើវិស័យប្រដាល់គុនខ្មែរ
នៅកម្ពុជា បើកាលណាគេនិយាយពីវិស័យប្រដាល់គុនខ្មែរ មហាជនពុំភ្លេចឡើយនូវស្តេចប្រដាល់កែងឆេះជង្គង់ហោះ អេ ភូថង ដែលលោកបានសាងប្រជាប្រិយភាពក្នុងវិស័យប្រដាល់គុនខ្មែរយ៉ាងល្បីល្បាញនាអំឡុងឆ្នាំ ២០០០ មកម្ល៉េះ ហើយមកទល់បច្ចុប្បន្នលោកបានក្លាយជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងសហព័ន្ធកីឡាប្រដាល់កម្ពុជា ព្រមទាំងជាគ្រូបង្វឹកគុនខ្មែរដល់យុវជនជំនាន់ក្រោយផងដែរ។
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ទៀតនោះ ដូចពាក្យចាស់លោកថា «ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់» កូនៗទាំង ៤ របស់លោក អេ ភូថង បានសម្រេចចិត្តដើរតាមគន្លងឪពុកដែលមានឈាមជ័រជាអ្នកប្រដាល់ ព្រមទាំងមានឧបនិស្ស័យជាមួយគុនខ្មែរ ដែលបច្ចុប្បន្ននេះគេសង្កេតឃើញថា កូនៗ ៣ នាក់ ក្នុងចំណោមកូនទាំង ៤ របស់លោក រួមមាន កីឡាការិនី អេ យ៉ានុត កីឡាករ អេ វិរៈខាំឈីត ហៅ ម៉ឺន មេឃា និង កីឡាករ អេ អាំម៉ារីន កំពុងមានឈ្មោះបោះសំឡេងខ្លាំង ក្នុងវិស័យកីឡាប្រដាល់គុនខ្មែរ មានវត្តមានលើសង្វៀននៅក្រៅប្រទេស ព្រមទាំងបានចូលរួមក្នុងក្រុមជម្រើសជាតិ នាព្រឹត្តិការណ៍កីឡា Seagame ទៀតផង។
ជាក់ស្ដែង ព្រឹត្តិការណ៍កីឡា Sea Game នាឆ្នាំ ២០២២ កន្លងទៅ ដែលប្រព្រឹត្តនៅប្រទេសវៀតណាម គេសង្កេតឃើញកីឡាករ កីឡាករ អេ វិរៈខាំឈីត ហៅ ម៉ឺន មេឃា និង កីឡាករ អេ អាំម៉ារីន បានបង្ហាញខ្លួនតំណាងឱ្យក្រុមជម្រើសជាតិកម្ពុជា ព្រមទាំងធ្វើបានល្អចំពោះវិញ្ញាសាប្រដាល់ និង វ៉ូវីណាមផងដែរ។
នេះសរបញ្ជាក់ឱ្យឃើញថា កូនៗជំនាន់ក្រោយ ដែលមានឈាមជ័រស្តេចប្រដាល់កែងឆេះជង្គង់ហោះ កំពុងតែទទួលបានភាពជោគជ័យលើវិថីរបស់ខ្លួន ស្នងតំណែងឪពុកមិនឱ្យប្រិយមិត្ត ក៏ដូចជាអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរនៅកម្ពុជាអស់សង្ឃឹមនោះឡើយ៕