ក្រុមហ៊ុនបច្ចេកវិទ្យា Dell ត្រៀមកាត់បន្ថយបុគ្គលិកជិត ៧ ពាន់នាក់ ដោយសារតែអតិផរណាខ្ពស់
យោងតាមសារព័ត៌មាន CNA បានចុះផ្សាយនៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះថា ក្រុមហ៊ុនបច្ចេកវិទ្យា Dell ប្រកាសថា នឹងកាត់បន្ថយបុគ្គលិកប្រមាណ ៦៦៥០ នាក់ ឬប្រហែល ៥ ភាគរយនៃកម្លាំងការងារសរុបរបស់ក្រុមហ៊ុនខ្លួន ដោយសារការធ្លាក់ចុះនៃតម្រូវការកុំព្យូទ័រ។
មិនតែប៉ុណ្ណោះទេ របាយការណ៍ក្រុមហ៊ុនក៏បានបង្ហាញដែរថា ក្រុមហ៊ុនធំនេះកំពុងជួបប្រទះលក្ខខណ្ឌទីផ្សារ ដែលបន្តធ្លាក់ចុះ ជាមួយនឹងអនាគតមិនច្បាស់លាស់។ ហើយលោក Jeff Clarke ដែលជានាយករងផ្នែកប្រតិបត្តិការបាននិយាយថា វិធានការកាត់បន្ថយការចំណាយកាលពីលើកមុន ដែលរួមទាំងការផ្អាកលើការជួលបុគ្គលិកបន្ថែម និង ការកំណត់លើការធ្វើដំណើរគឺ នៅតែមិនគ្រប់គ្រាន់។ ហើយអ្នកនាំពាក្យក្រុមហ៊ុននោះក៏បានប្រាប់ Bloomberg News ថា ការរៀបចំក្រុមហ៊ុននោះឡើងវិញ និង ការកាត់បន្ថយការងារ គឺជាឱកាសមួយដើម្បីជំរុញប្រសិទ្ធភាពរបស់ក្រុមហ៊ុន។
គួរបញ្ជាក់ដែរថា ក្រៅពីក្រុមហ៊ុន Dell ក៏មានក្រុមហ៊ុន Microsoft Corp ក្រុមហ៊ុន Amazon និង ក្រុមហ៊ុន Goldman Sachs Group ដែលបានកាត់បន្ថយការងារបុគ្គលិករាប់ពាន់នាក់នាពេលថ្មីៗនេះផងដែរ ដើម្បីជួយកាត់បន្ថយការធ្លាក់ចុះនៃតម្រូវការ ខណៈដែលការចំណាយរបស់អតិថិជន និង សាជីវកម្មធ្លាក់ចុះ ដោយសារតែអតិផរណាខ្ពស់ និង អត្រាការប្រាក់កើនឡើង។
ដោយឡែក របាយការណ៍មួយទៀតបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ ទី ២ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅថា ការបញ្ឈប់ការងារនៅក្នុងសហរដ្ឋអាមេរិកគឺ បានកើនឡើងដល់កម្រិតខ្ពស់ជាងពីរឆ្នាំមុន ដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន បានកាត់បន្ថយការងារក្នុងល្បឿនខ្ពស់បំផុត ដើម្បីទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចដែលអាចកើតមានឡើង៕
ប្រភព៖ CNA