ម្តាយអតីតប៉ូលិសបង្កហេតុ លើកដៃសំពះយំសស្រាក់ ក្រោយអ្នកភូមិដេញចេញពីភូមិ មិនឱ្យរស់នៅ
ក្នុងករណីអតីតទាហានបាញ់ប្រហាក្មេងៗ និង គ្រូបង្រៀនដេកដួលស្លាប់នៅក្នុងថ្លុកឈាមកាលពីថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២២ កន្លងទៅ នៅតែដក់ជាប់នូវភាពឈឺចាប់ក្នុងចិត្តសម្រាប់មហាជន និង ក្រុមគ្រួសារសពទាំង ៣៩ នាក់នៅឡើយ ព្រោះគ្រប់គ្នាបានបាត់បង់មនុស្សជាទីស្រឡាញ់ មនុស្សដែលធ្លាប់ឱបជាប់នៅនឹងទ្រូងឃ្លាតឆ្ងាយគ្មានថ្ងៃត្រឡប់ឡើយ។
យ៉ាងណាមិញ សម្រាប់សាកសពជនរងគ្រោះទាំង ៣៩ នាក់ពេលនេះត្រូវបានយកទៅតម្កល់នៅវត្តមួយកន្លែងក្នុងខេត្ត ណងប៊ួឡាំភូ ហើយដើម្បីរង់ចាំការធ្វើពិធីតាមបែបសាសនា។ ចំណែក សពជនបង្ក និង កូនរួមទាំងប្រពន្ធ ក៏ត្រូវបានម្តាយជនបង្កយកទៅបូជារួចរាល់ហើយដែរ។
តែអ្វីដែលនឹកស្មានមិនដល់នោះ ថ្មីៗនេះខាងសារព័ត៌មានក្នុងស្រុករបស់ថៃមួយបានទម្លាយពីរូបភាពម្តាយរបស់ជនបង្កលើកដៃសំពះ និង ទទូចសុំអ្នកភូមិទាំងទឹកភ្នែក ដើម្បីបានរស់នៅក្នុងភូមិបន្ត ខណៈអ្នកភូមិមិនពេញចិត្ត ពោលគឺបានបណ្តេញលោកស្រីមិនឱ្យរស់នៅក្នុងភូមិទៀតឡើយ។
ពិសេស អ្វីដែលគួរឱ្យស្រណោះនោះ មិនត្រឹមតែ គ្រួសារក្មេងៗដែលមានទុក្ខធំ បាត់បង់កូនជាទីស្រឡាញ់ទេ តែសូម្បីតែម្តាយជនបង្កវិញ ក៏ធ្វើឱ្យមហាជនមួយចំនួនស្រណោះដូចគ្នាដែរ ដោយសារតែកូនប្រុសគ្មានទំនួលខុសត្រូវ ជាឃាតក បានធ្វើឱ្យលោកស្រីរងទុក្ខលំបាក ត្រូវបានគេស្អប់ គេខឹង បណ្តេញចេញមិនឱ្យរស់នៅក្នុងភូមិទៀតឡើយ។
តែទោះជាយ៉ាងណា សម្រាប់ម្តាយជនបង្ក លោកស្រីក៏បានលើកដៃសូមទោសដល់ម្តាយឪពុក ក្រុមគ្រួសាររបស់សពដូចគ្នា និង ថែមទាំង សុំឱ្យមហាជន ក៏ដូចជាបងប្អូនអ្នកភូមិបែងចែកឱ្យដាច់រវាងកូន និង លោកស្រី ព្រោះលោកស្រីបានបន្តលើកដៃសំពះទាំងទឹកភ្នែកថា គ្មានម្តាយណាដែលបង្រៀនកូនឱ្យធ្វើបែបនោះឡើយ តែកូនខ្លួនឯងទេ ដែលជ្រើសផ្លូវមិនគប្បីនោះ។ លោកស្រីក៏តក់ស្លុត និង ឈឺចាប់មិនចាញ់គ្រប់គ្នាឡើយ៕