មិនលាក់ទុកទៀតទេ! តារាកំប្លែង ស្រីពីន ផ្ដាំអ្នកសិល្បៈជំនាន់ក្រោយ បើចង់ល្បី រកលុយបានច្រើន កុំធ្វើជាអ្នកសិល្បៈ
អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ពិសេសអ្នកស្ថិតក្នុងចង្កោមសិល្បៈជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនៅយប់ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៤ ម្សិលមិញនេះ តារាសម្ដែងលោក សាយ សៀរ៉ា បានទម្លាយរឿងចំណាយពេលវេលា ថវិកា និង កម្លាំងកាយចិត្តថតកុនរាប់ឆ្នាំ តែពិបាកបើកលុយ។
លោក សាយ សៀរ៉ា បានបង្ហោះសារផ្ដាំដល់សិល្បករថ្មីៗជំនាន់ក្រោយ ពេលចុះកុងត្រាថតកុនណាមួយគួរធ្វើកិច្ចសន្យាច្បាស់លាស់ ជៀសវាសមានបញ្ហារឿងពិបាកទារលុយកាក់ថា ៖ «ផ្ញើជូនទៅបងប្អូនអ្នកសិល្បៈថ្មីៗ មុនថតរឿងត្រូវធ្វើកិច្ចសន្យានិយាយរឿងលុយឱ្យបានច្បាស់លាស់ មុនថតរឿង ព្រោះថាខ្ញុំថតចប់ពិបាកបើកលុយណាស់ ខ្លះថតរាប់ឆ្នាំហើយមិនបើកឱ្យទេ តេមិនលើកទូរស័ព្ទ ឆាតមិនតប»។
តារាសម្ដែងប្រុសរូបសង្ហាខាងលើ បន្តថា ៖ «ខ្ញុំថតរឿងភាគដាក់ TV ថ្ងៃណាមួយខ្ញុំនឹងផុសឱ្យបងប្អូនបានឃើញមុខ មនុស្សខ្ញុំស្លូតទេ ខ្ញុំថតរឿងជិះឡានចាក់សាំងឡាន មែនសុំសាំងគេទេ ខោអាវទិញគេ មែនគេឱ្យទេ ថតទាំងជិតទាំងឆ្ងាយ គួរតែយល់ខ្ញុំផង ទុក្ខពេលឱ្យមួយរយៈ ខ្ញុំត្រូវការលុយទិញបាយ ១ថ្ងៃ ៣ពេលហូប មើលក្មួយៗ បង់ទឹកបង់ភ្លើង មើលថែឪពុកម្តាយចាស់ៗ ខ្ញុំក៏ជំពាក់គេដែរគួរយល់ផង ចង់ឱ្យអ្នកសិល្បៈយើងទាំងតួថ្មីទាំងតួចាស់ បើមានរឿងត្រូវងើបឡើង កុំលាក់ខ្លាចខ្មាសគេ ត្រូវផុសឱ្យគេដឹង ព្រោះខំថតណាស់»។
ក្រោយបានឃើញការបង្ហោះរបស់តារាសម្ដែងប្រុសលោក សាយ សៀរ៉ា ទម្លាយជុំវិញរឿងរ៉ាវខាងលើនេះ ធ្វើឱ្យមហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកក្នុងសិល្បៈមួយចំនួនបង្ហាញការភ្ញាក់ផ្អើល និង ចូលបញ្ចេញមតិរៀងៗខ្លួន ដែលក្នុងនោះ ក៏បានឃើញតារាកំប្លែង ស្រីពីន ចែករំលែកជាមួយនឹងការបញ្ចេញមតិក្នុងនាមជាអ្នកសិល្បៈមួយរូប ដោយលើកឡើងពីមនុស្សមួយចំនួនមិនសូវឱ្យតម្លៃដល់អ្នកសិល្បៈ និង មើលស្រាលចំពោះការប្រឹងប្រែងរបស់អ្នកសិល្បៈផងដែរ។
តារាកំប្លែង ស្រីពីន បានចែករំលែកបន្ត ហើយបានសរសេររៀបរាប់ថា ៖ «អ៊ីចឹងបានថាសង្គមនេះ មានរឿងអយុត្តិធម៌ច្រើនណាស់។ បង បង សិល្បៈខ្លះប្រឹងណាស់ ថែរក្សាភាពថ្លៃថ្នូរណាស់ ឈ្មោះជាអ្នកសិល្បៈ ធ្វើអ្វីបន្តិចជេរជាន់! ប្អូនបង ជំនាន់ក្រោយ បើស្រឡាញ់លុយ ចង់បានភាពល្បី រកលុយបានច្រើនលេងតែ Tik Tok ទៅកុំទៅចង់ធ្វើជា តារា អីនោះ គ្មានន័យទេ សម្រាប់អនាគត មនុស្សមួយចំនួនគេឱ្យតម្លៃមនុស្សទៅលើ View ពេលខ្លះគេមិនសូវឱ្យតម្លៃលើសមត្ថភាពទេ ចូលថតប្រឹងហាលថ្ងៃ ហាលភ្លៀង លុយបានតិច ហត់នឿយ ខុសតិចគេមើលងាយគេជេរ (មានភាពឈឺចាប់ជាច្រើនដែលមិននិយាយ) សូមទោសបើនាងខ្ញុំ pi ya pin និយាយទៅត្រង់ពេក នេះជារឿងពិតក្នុងសង្គមសិល្បៈរាល់ថ្ងៃ»៕