គួរឱ្យសរសើរ! គូស្នេហ៍វ័យក្មេង ឈីងលីន និង វេហា ម្នាក់ៗសម្រុកធ្វើការរៀងខ្លួន ប៉ុន្តែចំណងស្នេហ៍ក៏នៅរក្សាបានយ៉ាងល្អ
មហាជននិយមតាមដានការងារសិល្បៈ របស់តារាស្រីវ័យក្មេង ជី ឈីងលីន ចៅស្រីរបស់តារាកំប្លែងជើងចាស់ នាយ កុយ ច្បាស់ជាបានជ្រាបហើយថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នាងមានសន្ទុះទីផ្សារកាន់តែខ្លាំងឡើង។
ជាក់ស្តែង ជី ឈីងលីន បានក្តោបការងារសិល្បៈ ក្លាយទៅជា BA ផលិតផលថែសម្រស់ និង ក្រុមហ៊ុនធំៗជាច្រើន ដែលធ្វើឱ្យនាងរកប្រាក់ចំណូលបានទាំងវ័យក្មេង។ លើសពីនោះ ថ្មីៗនេះ ឈីងលីន ក៏បានយកលុយជាកម្លាំងញើសឈាម ទិញឡានទំនើបសម្រាប់ខ្លួនឯងទៀតផង។
ងាកមកកាន់ ជីវិតឯកជនពាក់ព័ន្ធនឹងរឿងរ៉ាវបេះដូងវិញ កញ្ញា ជី ឈីងលីន មិននៅទំនេរនោះទេ ដោយអ្នកគាំទ្រមួយចំនួនបានដឹងហើយថា ម្ចាស់ចិត្តរបស់នាង គឺកំលោះសង្ហា ស៊ុន វេហា បេក្ខជន Top 8 កម្មវិធី The Voice Cambodia រដូវកាលទី ៣ និង បច្ចុប្បន្ន ជាតារាចម្រៀង Original Song កំពុងទទួលបានប្រជាប្រិយភាពមួយរូប។
ក្នុងនោះ ក្រោយពីបានទម្លាយពីចំណងស្នេហ៍ជាសាធារណៈអស់រយៈពេលប្រមាណជាង ១ ឆ្នាំ ហើយនោះ មហាជនសង្កេតឃើញថា គូស្នេហ៍វ័យក្មេង ១ គូ នេះ កាន់តែផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃ។ តែយ៉ាងណាក៏ដោយ មហាជនក៏បានសរសើរពីកញ្ញា ឈីងលីន និង លោក វេហា ដែរថា ក្រៅពីចាយពេលវេលាជាគូយ៉ាងផ្អែមល្ហែមនោះ អ្នកទាំងពីរនៅវ័យក្មេងសោះ តែសម្រុកធ្វើការមិនចាញ់គ្នានោះឡើយ៕