អ្នកដំណើរព្រលឹងចុងសក់ ក្រោយយន្តហោះអូស្ត្រាលីមួយគ្រឿងហោះចេញបានបន្តិចក៏ផ្ទុះឆេះម៉ាស៊ីនត្រូវចុះចតបន្ទាន់
នៅថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ប្រទេសអូស្ត្រាលីបានជួបហេតុការណ៍ផ្ទុះម៉ាស៊ីនក្រោយហោះចេញពីព្រលានយន្តហោះ Sydney មិនទាន់បានប៉ុន្មាន ក៏ត្រូវបង្ខំចិត្តធ្វើការចុះចតវិញភ្លាមៗ និង ថែមសង្ស័យបង្កជាការឆាបឆេះវាយស្មៅតាមផ្លូវចុះចតយ៉ាងសន្ធោសន្ធៅ។
តាមព័ត៌មានបានឱ្យដឹងថា យន្តហោះមួយគ្រឿងនោះជារបស់ក្រុមហ៊ុន Qantas ជើងហោះហើរលេខ QF520 បានធ្វើការហោះចេញពីទីក្រុងស៊ីដនី ទៅកាន់ទីក្រុង Brisbane មុនម៉ោង ១ រសៀល ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ (ពេលវេលាក្នុងតំបន់)។ យ៉ាងណាមិញ ទើបហោះចេញមិនបានប៉ុន្មាន ស្រាប់តែម៉ាស៊ីនមួយជួបបញ្ហារហូតអ្នកដំណើរឮសូរសំឡេងផ្ទុះ «ផាំង» ឡើង។
ភ្លាមៗ យន្តហោះក៏បានបង្ខំជិះក្រឡឹង Botany Bay មុនធ្វើការចុះចតវិញជាបន្ទាន់ដោយជោគជ័យ និង អ្នកដំណើរទាំង ១៧៤ នាក់លើយន្តហោះបានចុះពីយន្តហោះដោយសុវត្ថិភាព មិនមាននរណាម្នាក់រងរបួសនោះឡើយ។ ជុំវិញបញ្ហានេះ ខាងជើងហោះហើរបានបដិសេធមិនបញ្ជាក់លម្អិតពីមូលហេតុផ្ទុះនោះឡើយ គ្រាន់តែនិយាយថាម៉ាស៊ីនជួបប្រទះបញ្ហា។
ក្នុងពេលជាមួយគ្នានោះដែរ ក៏មានហេតុការណ៍ឆាបឆេះវាលស្មៅនៅក្បែរផ្លូវរត់យន្តហោះយ៉ាងសន្ធោសន្ធៅ ប៉ុន្តែមិនមានព័ត៌មានច្បាស់ការណាម្នាក់ថាហេតុការណ៍ ២ នេះមានទាក់ទងគ្នាឬក៏យ៉ាងណានោះឡើយ៕